បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្ររបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយថា គីម ជុងអ៊ុនត្រូវតែធ្វើជាមនុស្សកាច ក៏ប៉ុន្តែក៏ជាមេដឹកនាំម្នាក់ដែលស្រឡាញ់ពលរដ្ឋរបស់ខ្លួន ថ្វីបើមេដឹកនាំកូរ៉េខាងជើងមានប្រវត្តិរំលោភសិទ្ធិមនុស្សជាយូរយារណាស់មកហើយ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានប្រាប់លោកស្រី Greta Van Susteren អ្នករាយការណ៍នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយនៅក្នុងប្រទេសសិង្ហបុរីដែលនៅទីនោះមេដឹកនាំទាំង២បានជួបគ្នា លោកបានពិភាក្សាពីប្រវត្តិសិទ្ធិមនុស្សដ៏គួរឲ្យសង្វែករបស់កូរ៉េខាងជើងហើយជឿជាក់ថា គីម ជុងអ៊ុន ស្រលាញ់ពលរដ្ឋរបស់ខ្លួនហើយចង់ធ្វើអ្វីដែលល្អសម្រាប់ពួកគេ។
នៅពេលសួរពីប្រវត្តិរបស់គីម ជុងអ៊ុនអំពីការបង្អត់អាហារនិងធ្វើទារុណកម្មប្រជាពលរដ្ឋរបស់ខ្លួនឯង លោកប្រធានាធិបតីត្រាំបានឆ្លើយដោយនិយាយថា «ចូលមើល គាត់កំពុងធ្វើអ្វីដែលយើងបានឃើញគាត់ធ្វើ»។ ប្រធានាធិបតីត្រាំនិយាយទៀតថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាង «នឹងនៅជាធរមានរហូតទាល់តែយើងអាចចាប់ផ្តើមរុះរើអាវុធនុយក្លេអ៊ែរ»។លោកត្រាំនិយាយទៀតថា «ខ្ញុំគិតថា បញ្ហាដ៏អស្ចារ្សបំផុតនឹងកើតមានឡើងសម្រាប់កូរ៉េខាងជើង»។
ចាប់តាំងពីគីម ជុងអ៊ុនបានឡើងកាន់តំណែងជំនួសឪពុករបស់គាត់នៅខែធ្នូ ឆ្នាំ២០១១មក មេដឹកនាំកូរ៉េខាងជើងរូបនេះបានបញ្ជាឲ្យធ្វើឃាតជាសាធារណៈបងប្រុសម្តាយទីទៃពីគ្នាដោយប្រើឧស្ម័នពុល សម្លាប់ឪពុកមានរបស់ខ្លួនដោយការបាញ់សម្លាប់ជាក្រុម ហើយនឹងទទួលខុសត្រូវចំពោះការស្លាប់លោក Otto Warmbier និស្សិតមហាវិទ្យាល័យសហរដ្ឋអាមេរិកនៅក្នុងការឃុំឃាំងរបស់កូរ៉េខាងជើង៕