លោក​ត្រាំ​និយាយ​ថា​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​លោក​ពូទីន​អំពី​ប្រទេស​ស៊ីរី​នឹង​សង្គ្រោះ​ជីវិត​មនុស្ស

លោក ពូទីន (ឆ្វេង) ប្រធានាធិបតី​រុស្ស៊ី និង​លោក ត្រាំ ប្រធានាធិបតី​ស.រ.អា. នៅ​ក្នុង​ជំនួបកំពូល​សេដ្ឋកិច្ច​ APEC នៅ​ទីក្រុង Danang ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា។

លោក ដូណាល់ ត្រាំ​ ប្រធានាធិបតី​ស.រ.អា.​កាល​ពី​ថ្ងៃ​សៅរ៍​បាន​និយាយ​ថា ​អំឡុង​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ីប៉ាស៊ីហ្វិក​ APEC នៅ​ប្រទេស​វៀតណាម​ លោក​បាន​សន្ទនា​រយៈ​ពេល​ខ្លី​ពីរ​បី​ដង​ជា​មួយ​លោក វ្លាដឺមឿ ពូទីន ​ប្រធានាធិបតី​រុស្ស៊ី ​ដោយ​ផ្តោត​សំខាន់​អំពី​ស្ថានភាព​នៅ​ប្រទេស​ស៊ីរី។ ​

លោក​ប្រធានាធិបតី​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​នៅ​តាម​យន្ត​ហោះប្រធានាធិបតី​ស.រ.អា.​ Air Force One ​ពេល​លោក​ធ្វើ​ដំណើរ​ពីក្រុង Danang ​ទៅ​ក្រុង​ហាណូយ។ លោក​និយាយថា​ សេចក្តី​ថ្លែង​ការណ៍​រួម​អំពី​ប្រទេស​ស៊ីរី​ដែល​លោក​និង​លោក ពូទីន ​បាន​ព្រម​ព្រៀង​គ្នា​នោះ​គឺ​ត្រូវ​សង្គ្រោះ​ជីវិត​មនុស្ស​ឲ្យ​បាន​ច្រើន។​

សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​ដំបូង​ដោយ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​របស់​រុស្ស៊ីនិយាយ​ថា ​ មេដឹកនាំ​ទាំង​ពីរ​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​កាត់​បន្ថយ​កំណើន​ភាព​តាន​តឹង​ក្នុង​តំណាក់​កាល​បណ្តោះ​អាសន្ន​ ដែល​ជា​ជំហាន​កាត់​បន្ថយ​អំពើ​ហិង្សា​នៅ​ស៊ីរី ​ពង្រឹង​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ មិន​ជ្រៀត​ជ្រែក​កិច្ចការ​មនុស្សធម៌​ និង​កំណត់​លក្ខខណ្ឌដើម្បី​ឲ្យ​មាន​ដំណោះ​ស្រាយ​នយោបាយ​ជា​ចុង​ក្រោយ៕