ជាងមួយសប្តាហ៍បន្ទាប់ពីធ្វើតេស្តរកឃើញថាមានវីរុសកូរ៉ូណា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពណ៌នាខ្លួនលោកកាលពីថ្ងៃអាទិត្យម្សិលមិញថា ស្ថិតក្នុងស្ថានភាពល្អ ហើយថា លោកឈប់ទទួលទានថ្នាំទៀតហើយ។
លោកប្រធានាធិបតី Trump បានថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ក្នុងកម្មវិធី «Sunday Morning Futures» ថា៖ «ខ្ញុំបានឈ្នះវីរុសឆ្កួតលីលានិងគួរឲ្យភ័យខ្លាចហើយ។ ខ្ញុំហាក់ដូចជាមានភាពស៊ាំនឹងជំងឺនេះ អាចក្នុងរយៈពេលយូរ រយៈពេលខ្លី អាចអស់មួយជីវិត» ។
លោក Trump បានថ្លែងទៀតថា លោកមានការការពារក្នុងខ្លួនហើយ បន្ទាប់ពីត្រូវបានព្យាបាលដោយប្រើថ្នាំច្រើនមុខក្នុងអំឡុងពេលស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៤ថ្ងៃហើយនឹងបន្ទាប់ពី វិល ត្រឡប់មកកាន់សេតវិមានវិញកាលពីសប្តាហ៍មុន ។
ភ្លាមៗបន្ទាប់ពីសម្ភាសន៍ជាមួយទូរទស្សន៍ លោក Trump បានសរសេរសារ Twitter ថា ក្រុមវេជ្ជបណ្ឌិតសេតវិមាន បានបញ្ជាក់ថា លោកបានជាសះស្បើយហើយ ដោយលោកបានបន្ថែមថា នេះមានន័យថា ខ្ញុំមិនអាចមានជំងឺនេះទៀតទេ ហើយក៏មិនអាចចម្លងអ្នកដទៃដែរ។ ប៉ុន្តែ ក្រុមហ៊ុន Twitter ក្រោយមកបានបញ្ជាក់ថា Tweet របស់លោកបានរំលោភវិន័យរបស់ Twitter អំពីការផ្សព្វផ្សាយព័ត៌មានដែលអាចនាំឲ្យមានការយល់ច្រឡំ និងអាចមានគ្រោះថ្នាក់ទាក់ទិននឹងជំងឺកូវីដ១៩៕