ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​ថា លោក Trump លែង​ជា​ហានិភ័យ​ចម្លង​ជំងឺ​កូវីដ១៩ ដល់​អ្នក​ដទៃ​ហើយ


ក្រុម​អ្នក​គាំទ្រ​លោក​ប្រធានាធិបតី Donald Trump ជួបជុំ​គ្នា​នៅ​ឧទ្យាន​ប៉ែក​ខាង​ត្បូង​នៃ​សេតវិមាន ដើម្បី​ស្ដាប់​សុន្ទរកថា​របស់​លោក​​កាល​ពី​ថ្ងៃ​សៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​រៀបចំ​ការ​ជួបជុំ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ជា​ព្រឹត្តិការណ៍​សាធារណៈ​ដំបូង​បង្អស់​របស់​លោក តាំង​ពី​លោក​បាន​ធ្វើ​តេស្ត​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ១៩ មក។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក លោក​វេជ្ជបណ្ឌិត Sean Conley ដែល​ជា​វេជ្ជបណ្ឌិត​ផ្ទាល់​ខ្លួន​របស់​លោក​ប្រធានាធិបតី Trump បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ថា លោក Trump លែង​ជា​ហានិភ័យ​នៃ​ការ​ចម្លង​ជំងឺ​កូវីដ១៩ ដល់​អ្នក​ដទៃ​ហើយ ដោយ​យោង​លើ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។

សេចក្ដី​ប្រកាស​របស់​លោក​វេជ្ជបណ្ឌិត Conley បាន​បញ្ជាក់​ថា បើ​យោង​លើ​បទដ្ឋាន​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាមេរិក (CDC) លោក Trump អាច​ជួប​អ្នក​ដទៃ​បាន​ដោយ​មិន​មាន​ហានិភ័យ​ចម្លង​ជំងឺ​ដល់​គេ​នោះ​ទេ។

លោក Trump បាន​ថ្លែង​ពី​លើ​រានហាល​ខាង​មុខ​នៃ​សេតវិមាន​ដោយ​មិន​ពាក់​ម៉ាស់ ទៅ​កាន់​អ្នក​ចូលរួម​ដែល​ភាគ​ច្រើន​ជា​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ពលរដ្ឋ​ដើម​កំណើត​អាមេរិក​ឡាទីន​ថា មាន «បញ្ហា​ផ្ទុះ​រាលដាល​ជា​ច្រើន ប៉ុន្តែ​វា​នឹង​រលាយ​បាត់​ស្រមោល»។

លោក Trump បាន​ថ្លែង​បន្ថែម​ដោយ​មិន​មាន​ភស្តុតាង​ថា៖ «វ៉ាក់សាំង​នឹង​មាន​ក្នុង​ពេល​ឆាប់​បំផុត​ខាង​មុខ»។

អ្នក​ចូលរួម​ទាំង​អស់​តម្រូវ​ឲ្យ​ពាក់​ម៉ាស់​សម្រាប់​ព្រឹត្តិការណ៍​របស់​សេតវិមាន​ដែល​គេ​ហៅ​ថា «ការ​តវ៉ា​ដោយ​សន្តិវិធី​ដើម្បី​ច្បាប់​និង​របៀប​រៀបរយ» នេះ។ ពួកគេ​ត្រូវ​បាន​ជំរុញ​ឲ្យ​រក្សា​គម្លាត​ពី​គ្នា និង​ត្រូវ​បាន​វាស់​កម្ដៅ​ក្នុង​ខ្លួន និង​បំពេញ​បញ្ជី​សំណួរ​ខ្លី​មួយ។ ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ភាគ​ច្រើន​នៃ​អ្នក​ដែល​ចូលរួម​នៅ​ក្នុង​ពិធី​ថ្លែង​របស់​លោក Trump នេះ បាន​ពាក់​ម៉ាស់ ប៉ុន្តែ​មាន​ការ​រក្សា​គម្លាត​ពី​គ្នា​តិចតួច​ប៉ុណ្ណោះ។

ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ប្រកាស​ឡើង ស្រប​ពេល​ដែល​លោក​វេជ្ជបណ្ឌិត Anthony Fauci ដែល​ជា​អ្នក ជំនាញ​កំពូល​ខាង​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​រំឭក​សេតវិមាន​ឲ្យ​ជៀសវាង​រៀបចំ​ការ​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ដោយ​មិន​មាន​ពាក់​ម៉ាស់។

កន្លង​មក មជ្ឈមណ្ឌល CDC បាន​ស្នើ​ថា អ្នក​ដែល​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ១៩ គួរ​បន្ត​ពាក់​ម៉ាស់ និង​អនុវត្ត​ការ​រក្សា​គម្លាត​ពី​អ្នក​ដទៃ៕

XS
SM
MD
LG