លោក Trump ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​កសាង​សន្តិភាព

ប្រធានាធិបតី​ដូណាល់ ត្រាំ ថ្លែង​នៅ​ក្នុង​ការជួបជុំ​មួយ​នៅ​បន្ទាយ​អាកាសអាត្លង់ទិក​ក្នុងទីក្រុង Moon កាលពីថ្ងៃទី១០ មីនា ២០១៨។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​ជឿ​ថា ឥឡូវ​នេះ​កូរ៉េ​ខាង​ជើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ «ដើម្បី​កសាង​សន្តិភាព»។ លោក Trumpថ្លែង​ដូច្នេះ​ក្រោយ​ពី​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ប្រកាស​អំពី​ឆន្ទៈ​ក្នុង​ការ​ជួប​ជាមួយ​នឹង​លោក។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​នយោបាយ​មួយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​នៅ​ឯ​អាគារ​ផ្ទុក​យន្តហោះ​មួយ​កន្លែង​នៅ​តំបន់​ភាគ​ខាង​លិច​នៃ​រដ្ឋ Pennsylvania យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា វា​ដល់​ពេល [ដែល​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ត្រូវ​កសាង​សន្តិភាព] ហើយ»។

ស្រប​ពេល​ដែល​ការ​រៀបចំ​ការ​ពិភាក្សា​ទល់​មុខ​គ្នា​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​មេដឹកនាំ​សហរដ្ឋ​អាមេរិក​កំពុងតែ​ដំណើរការ លោក Trump បាន​បញ្ជាក់​ថា លោក Kim Jong Un គឺ​ជា «មនុស្ស​ម្នាក់​ដែល​គំរាម​វាយ​ប្រហារ​ដោយ​គ្រាប់​នុយក្លេអ៊ែរ​គ្រប់​កន្លែង​ទាំង​អស់» ប៉ុន្តែ​ឥឡូវ​នេះ «លោក​សម្រេច​ឈប់​បាញ់​គ្រាប់​មីស៊ីល»។

លោក Trump បាន​បន្ថែម​ថា នៅ​ពេល​ដែល​ខ្ញុំ​ជួប​ជាមួយ​នឹង​លោក Kim Jong Un «ខ្ញុំ​ប្រហែល​ជា​ចាកចេញ​ពី​ការ​ប្រជុំ​នោះ​ភ្លាមៗ​តែ​ម្ដង ឬ​ក៏​ខ្ញុំ និង​លោក Kim Jong Un ប្រហែល​ជា​អាច​អង្គុយ​ចរចា​គ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ពិភពលោក»។

លោក Trump ថា​លោក​ជា​អ្នក​ធ្វើ​ឲ្យ​ដំណើរការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ដែល​ទើប​បញ្ចប់​ទៅ​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ទទួល​បាន​ជោគជ័យ ដោយ​លោក​បាន​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​កិច្ច​ប្រឹងប្រែង​របស់​លោក​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​គំរាមកំហែង​នៃ​ការ​វាយ​ប្រហារ​នុយក្លេអ៊ែរ​នោះ​ទេ នោះ​វា «នឹង​ក្លាយ​ទៅ​ជា​ការ​បរាជ័យ​ទាំង​ស្រុង»៕