សេតវិមានបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងព្រះមហាក្សត្រSalman bin Abd al-Aziz Al Saud នៃប្រទេសអារ៉ាប៊ី សាអូឌីត បានព្រមព្រៀងគ្នាគាំទ្រតំបន់សុវត្ថិភាពនៅក្នុងប្រទេសស៊ីរីនិងយេម៉ែន។ មេដឹកនាំទាំង២បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យដោយបញ្ជាក់ឡើងវិញពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកនិងអារ៉ាប៊ី សាអូឌីត។
ពួកលោកក៏បាននិយាយដែរថា ពួកលោកនឹងគាំទ្រអ្វីដែលសេតវិមានបានហៅថា «គំនិតផ្សេងទៀត»ដើម្បីជួយជនភៀសខ្លួនដែលត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ខ្លួនពីព្រោះតែសង្គ្រាម ហើយនឹងសារៈសំខាន់នៃការអនុវត្តន៏តឹងរ៉ឹងកិច្ចព្រមព្រៀងនុយក្លែអ៊ែជាមួយប្រទេសអ៊ីរ៉ង់ដែលលោកប្រធានាធិបតីត្រាំបានរឹះគន់ថា ជាកិច្ចព្រមព្រៀងមិនល្អ។
លោកប្រធានាធិបតីត្រាំបានចំណាយពេល២ថ្ងៃចុងក្រោយនិយាយទូរស័ព្ទជមួយមេដឹកនាំពិភពលោកមួយចំនួន។ លោកប្រធានាធិបតីក៏បានសន្ទនាកាលពីថ្ងៃអាទិត្យជាមួយព្រះរាជ្យទាយាទ Mohammed bin Zayed នៃប្រទេសអារ៉ាប់រួមឬ United Arab Emirates និងលោក Hwang Kyo-Ahn ប្រធានាធិបតីស្តីទីនៃប្រទេសកូរ៉េខាងត្បូង។
កាលពីថ្ងៃសៅរ៍ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយតាមទូរស័ព្ទជាមួយលោកនាយករដ្ឋមន្រ្តី Shinzo Abe នៃប្រទេសជប៉ុន លោកស្រីអធិការបរតី Angela Merkel នៃប្រទេសអាល្លឺម៉ង់ លោកប្រធានាធិបតី Francois Hollande នៃប្រទេសបារាំងនិងលោក Malcolm Turnbull នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី។
ក្នុងការហៅទូរស័ព្ទដែលគេរំពឹងទុកយ៉ាងខ្លាំងមួយ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបាននិយាយជាមួយប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ី ដែលបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការនៅក្នុងការផ្តួលរំលំក្រុមរដ្ឋឥស្លាមហើយនឹងធ្វើការដើម្បីសន្តិភាពនៅក្នុងប្រទេសស៊ីរីនិងទូទាំងពិភពលោក៕