ក្រុម​មេធាវី​ការពារ​លោក Trump នឹង​បិទ​បញ្ចប់​ការ​បង្ហាញ​អំណះអំណាង​ក្នុង​ការ​ជំនុំជម្រះ​លោក Trump នៅ​ថ្ងៃ​អង្គារ​នេះ

អ្នកស្រី Pam Bondi ដែល​ជា​មេធាវី​មួយ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ អញ្ជើញ​ទៅ​ដល់​ការ​ជំនុំជម្រះ​ដោយ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

នៅ​ថ្ងៃ​អង្គារ​នេះ ក្រុម​មេធាវី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​បិទ​បញ្ចប់​ការ​បង្ហាញ​អំណះអំណាង​របស់​ពួកគេ​នៅ​ក្នុង​ការ​ជំនុំជម្រះ​របស់​ព្រឹទ្ធសភា​អំពី​ថា​តើ​គួរ​ទម្លាក់​លោក Trump ពី​តំណែង​ឬ​ក៏​អត់ ស្រប​ពេល​ដែល​គេ​នៅ​មាន​ចម្ងល់​អំពី​ថា​តើ​នឹង​មាន​ការ​កោះ​ហៅ​សាក្សី​ថ្មី​ដើម្បី​ឲ្យ​មក​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​ជំនុំជម្រះ​នេះ​ឬ​ក៏​យ៉ាង​ណា​នោះ។

ក្រុម​មេធាវី​ការពារ​ក្ដី​លោក Trump កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​ប្រើ​ការ​ចោទ​ប្រកាន់​លោក Trump នេះ​ជា​អាវុធ​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ដែល​ពួកគេ​មិន​ចូលចិត្ត​ពី​តំណែង។

លោក Kenneth Starr សមាជិក​មួយ​រូប​នៃ​ក្រុម​មេធាវី​របស់​លោក Trump បាន​ហៅ​ការ​ចោទ​ប្រកាន់​ដើម្បី​ទម្លាក់​លោក Trump ពី​តំណែង​នេះ​ថា​ជា​អាវុធ​នយោបាយ ដែល​គណបក្ស​នយោបាយ​ប្រើ​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បាន​និយាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​លើ​លោក Trump ដោយ​មិន​មាន​ការ​គាំទ្រ​ពី​គណបក្ស​សាធារណរដ្ឋ។ លោក Starr បាន​ហៅ​ការ​ចោទ​ប្រកាន់​នេះ​ថា​ជា «ស្ថានការណ៍​ដ៏​អាក្រក់​បំផុត»។

លោក Patrick Philbin ដែល​ជា​មេធាវី​ការពារ​លោក Trump ម្នាក់​ទៀត បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​របស់​រដ្ឋសភា​ដើម្បី​ចោទ​ប្រកាន់​ទម្លាក់​លោក Trump ពី​តំណែង​នេះ គឺ​មិន​មែន​ជា​ការ​ប្រឹងប្រែង​ដើម្បី​ស្វែង​រក​ការពិត​ដោយ​ការ​ចេញ​ដីកា​កោះ​ហៅ​តាម​រយៈ​តុលាការ​នោះ​ទេ។

លោក Philbin បាន​ចោទ​ប្រកាន់​ថា ដោយសារ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ជិត​ចូល​មក​ដល់ គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋសភា​បាន​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ដែល​បាន​កំណត់​ទុក​ជា​ស្រេច ដើម្បី​ឲ្យ​ទាន់​ពេល​វេលា។

រី​ឯ​មេធាវី​ម្នាក់​ទៀត​របស់​លោក Trump គឺ​អ្នកស្រី Pam Bondi បាន​វាយ​ប្រហារ​លើ​លោក Joe Biden និង​លើ​លោក Hunter Biden ដែល​ជា​កូន​ប្រុស​របស់​លោក Biden ទាក់ទិន​នឹង​ការងារ​របស់​លោក​Hunter Biden ជាមួយ​នឹង​ក្រុមហ៊ុន​ឧស្ម័ន Burisma នៅ​ប្រទេស​អ៊ុយក្រែន។

អ្នកស្រី​បញ្ជាក់​ថា ចម្ងល់​អំពី​ទំនាស់​ផល​ប្រយោជន៍​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ នៅ​ពេល​ដែល​លោក Hunter Biden ចំណាយ​ថវិកា​រាប់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ជា​សមាជិក​មួយ​រូប​នៃ​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន Burisma នោះ នៅ​ពេល​ដែល​លោក Joe Biden ធ្វើ​ជា​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

អ្នកស្រី Bondi បាន​បន្ថែម​ថា លោក Trump មាន​សិទ្ធិ​នៅ​ក្នុង​ការ​ស្នើ​ប្រទេស​អ៊ុយក្រែន​ឲ្យ​ស៊ើប​អង្កេត​លើ​លោក Biden និង​កូន​ប្រុស​របស់​លោក ទោះបីជា​គ្មាន​ភស្តុតាង​បង្ហាញ​អំពី​អំពើ​ពុករលួយ​របស់​លោក​ទាំង​ពីរ​ក៏​ដោយ៕