ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សៀវភៅ​ថ្មី​របស់​លោក Bolton បង្ហាញ​ថា លោក Trump ផ្អឹប​ជំនួយ​អ៊ុយក្រែន​ដើម្បី​ជំរុញ​ឲ្យ​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​លោក Biden


លោក John Bolton ថ្លែង​នៅ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ និង​យុទ្ធសាស្ត្រ នៅ​ក្នុង​ក្រុង​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រុម​មេធាវី​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​បន្ត​ការ​ការពារ​លោក​នៅ​ក្នុង​សំណុំ​រឿង​ចោទ​ប្រកាន់​ដើម្បី​ដក​លោក​ចេញ​ពី​តំណែង ស្រប​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្នើ​ជា​ថ្មី​ឲ្យ​មាន​ការ​កោះ​ហៅ​សាក្សី​ថ្មី​មក​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ការ​ជំនុំជម្រះ​របស់​ព្រឹទ្ធសភា​នេះ។

គណបក្ស​ប្រជាធិបតេយ្យ​បាន​ស្នើ​ជា​ថ្មី​ដូច្នេះ បន្ទាប់ពី​មាន​ព័ត៌មាន​នានា​លើក​ឡើង​ថា លោក Trump បាន​ប្រាប់​លោក John Bolton ដែល​កាល​នោះ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក​ថា លោក​ចង់​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន រហូត​ទាល់តែ​អ៊ុយក្រែន​យល់ព្រម​ស៊ើប​អង្កេត​លើ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​អាច​ជា​គូ​ប្រជែង​របស់​លោក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ កាសែត The New York Times បាន​រាយការណ៍​ដំបូង​អំពី​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​មាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ​ដែល​នឹង​ជិត​បោះ​ពុម្ព​ផ្សាយ​របស់​លោក Bolton។ ក្រោយ​មក ការ​ចោទ​ប្រកាន់​ទាំង​នេះ​ត្រូវ​បាន​រាយការណ៍​ដោយ​អង្គភាព​ព័ត៌មាន​ផ្សេង​ទៀត ដែល​បាន​សាកសួរ​អ្នក​ដែល​ដឹង​អំពី​អត្ថបទ​នៅ​ក្នុង​សៀវភៅ​របស់​លោក Bolton នេះ។

នា​ពេល​បច្ចុប្បន្ន​នេះ លោក Trump កំពុង​រង​ការ​ជំនុំ​ជម្រះ​នៅ​ក្នុង​ព្រឹទ្ធសភា​ក្រោម​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​ផ្អឹប​ជំនួយ​យោធា​សម្រាប់​ប្រទេស​អ៊ុយក្រែន​ចំនួន ៣៩១ លាន​ដុល្លារ និង​បាន​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​អ៊ុយក្រែន​ស៊ើប​អង្កេត​លើ​លោក Biden និង​ទាក់ទិន​នឹង​ទ្រឹស្ដី​បំផ្លើស​ដែល​ថា​អ៊ុយក្រែន មិន​មែន​ប្រទេស​រុស្ស៊ី​នោះ​ទេ ដែល​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦។ បទ​ចោទ​ប្រកាន់​ទី​ពីរ​គឺ​ថា លោក Trump បាន​រារាំង​ដំណើរការ​ស៊ើប​អង្កេត​របស់​សភា។

លោក Trump បាន​ច្រានចោល​ការ​លើក​ឡើង​នៅ​ក្នុង​សៀវភៅ​របស់​លោក Bolton នេះ។ លោក​បាន​បញ្ជាក់​នៅ​ក្នុង​សារ Twitter របស់​លោក​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា៖ «ខ្ញុំ​មិន​ដែល​ប្រាប់​លោក John Bolton ថា ជំនួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​មាន​ភ្ជាប់​ជាមួយ​នឹង​ការ​ស៊ើប​អង្កេត​លើ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ដែល​រួម​ទាំង​លោក Biden និង​កូន​ប្រុស​របស់​លោក Biden នោះ​ទេ។ តាម​ការ​ពិត លោក Bolton មិន​ដែល​ត្អូញ​អំពី​រឿង​នេះ​នៅ​ពេល​ដែល​លោក​ត្រូវ​បញ្ឈប់​ពី​តំណែង​ជា​សាធារណៈ​នោះ​ឡើយ។ ប្រសិនបើ​លោក Bolton និយាយ​ដូច​នេះ នោះ​គឺ​គ្រាន់តែ​ដើម្បី​លក់​សៀវភៅ​របស់​លោក​តែ​ប៉ុណ្ណោះ»៕

XS
SM
MD
LG