កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមម្នាក់នៅបូរី New York (ញូវយ៉ក) បានកំណត់ការកាត់ក្តីពីបទព្រហ្មទណ្ឌទី ១ មិនធ្លាប់មាននៃអតីតប្រធានាធិបតីសហរដ្ឋអាមេរិកម្នាក់ ដោយបានច្រានចោលការប្រឹងប្រែងរបស់លោក Trump ក្នុងការបដិសេធការចោទប្រកាន់ ដែលថា លោកបានកែប្រែឯកសារអាជីវកម្មដើម្បីលាក់បាំងការបង់ប្រាក់បំបិទមាត់ឱ្យតារាភាពយន្តអាសអាភាសម្នាក់ នៅមុនការឈរឈ្មោះបោះឆ្នោតកាលពីឆ្នាំ ២០១៦ ដែលពេលនោះលោកបានទទួលជោគជ័យក្នុងការចូលកាន់តំណែងកំពូលក្នុងសេតវិមាន។
លោកចៅក្រម Juan Merchan បាននិយាយថា ការជ្រើសរើសគណៈវិនិច្ឆ័យនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមីនា ដោយជម្នះលើការជំទាស់របស់លោក Trump ដែលថា ការកាត់ក្តីនេះនឹងជ្រៀតជ្រែកជាមួយការឃោសនាបោះឆ្នោតរបស់លោក ដើម្បីយកតំណែងប្រធានាធិបតីរបស់លោកមកវិញក្នុងការបោះឆ្នោតនៅខែវិច្ឆិកា។
ជាជាងធ្វើការឃោសនាបោះឆ្នោត លោក Trump នឹងត្រូវតម្រូវឱ្យទៅកាន់តុលាការរៀងរាល់ថ្ងៃសម្រាប់អ្វីដែលមេធាវីខ្លះដែលទាក់ទងនឹងករណីក្តីនេះ ទស្សន៍ទាយថា ជាការកាត់ក្តីចំនួន ៦ សប្តាហ៍។
លោក Trump អាយុ ៧៧ ឆ្នាំ ជាអ្នកនាំមុខគេនៅក្នុងការតែងតាំងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ។ លោកទំនងជានឹងប្រឈមទៀត ជាមួយលោក Joe Biden ប្រធានាធិបតីពីខាងគណបក្សប្រជាធិបតេយ្យ។ លោក Trump បានចាញ់លោកប្រធានាធិបតី Joe Biden អាយុ ៨១ ឆ្នាំ កាលពីឆ្នាំ ២០២០ តែរហូតដល់ថ្ងៃនេះលោក Trump នៅតែអះអាងដោយខុសថា លោកបានចាញ់ដោយសារមានភាពមិនប្រក្រតីក្នុងការបោះឆ្នោតនោះ។
លោក Trump ប្រឈមនឹងការចោទប្រកាន់មុខតុលាការបួនករណីជាមួយការបទចោទ ៩១ បទចោទ ២ ទាក់ទិននឹងការចោទប្រកាន់ថាលោកបានប្រឹងប្រែងបញ្ឈប់ការចាញ់របស់លោកកាលពីឆ្នាំ ២០២០ បទមួយទៀតចោទប្រកាន់លោកថា បានយកឯកសារសម្ងាត់ខ្លាំងទៅជាមួយលោកទៅកាន់ផ្ទះលោកនៅមាត់សមុទ្ររដ្ឋ Florida នៅពេលអាណត្តិប្រធានាធិបតីរបស់លោកបានចប់កាលពីដើមឆ្នាំ ២០២១ និងទី ៤ គឺមានករណីនៅបូរី New York។
លោក Trump បានបដិសេធការចោទប្រកាន់ទាំងអស់នេះ។
លោក Trump អាចប្រឈមនឹងទោសជាប់គុកច្រើនឆ្នាំ ប្រសិនត្រូវរកឃើញថាមានទោសក្នុងការចោទប្រកាន់ណាមួយក្នុងបណ្តាការចោទប្រកាន់ទាំងនេះ។ តែលោកបានចាត់ទុកការចេញបង្ហាញខ្លួនញឹកញាប់របស់លោកក្នុងតុលាការ ដូចជាយុទ្ធនាការឃោសនាមួយ ដោយមានការបង្ហាញខ្លួនតវ៉ាអំពីការចោទប្រកាន់ដែលលោកប្រឈមនិងដើម្បីចោទប្រកាន់ពួករដ្ឋអាជ្ញាថាប្រឹងប្រែងធ្វើមិនឱ្យលោកឈ្នះតំណែងប្រធានាធិបតីទៀត។
នៅពេលលោកដើរចូលក្នុងតុលាការកាលពីថ្ងៃព្រហស្បតិ៍ លោកបាននិយាយប្រាប់ក្រុមអ្នកកាសែតថា៖ «ពួកគេនឹងមិនធ្វើដូច្នេះទេ បើមិនមែនដោយសារតែមានការពិតជាក់ស្តែងដែលថាខ្ញុំឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតី ហើយខ្ញុំមានដំណើរការល្អ»៕