កាលពីថ្ងៃអង្គារ តុលាការឧទ្ធរណ៍សហព័ន្ធសហរដ្ឋអាមេរិកបានសម្រេចថា អតីតប្រធានាធិបតីអាមេរិកលោក Donald Trump មិនមានអភ័យឯកសិទ្ធិរួចផុតពីការចោទប្រកាន់ដែលថាលោកបានរៀបចំផែនការសម្ងាត់ដើម្បីប្រែក្រឡាស់ការចាញ់របស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២០ នោះទេ។ ការសម្រេចនេះបានធ្វើឱ្យលោក Trump ខិតកាន់តែជិតដល់ការកាត់ទោសព្រហ្មទណ្ឌដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
អង្គចៅក្រមដែលមានសមាជិក ៣ រូបនៃតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់តំបន់រដ្ឋធានីវ៉ាស៊ីនតោនបានច្រានចោលការអះអាងរបស់លោក Trump ដែលថាលោកមិនអាចត្រូវបានកាត់ទោសបានទេដោយសារតែការចោទប្រកាន់លើរូបលោកគឺពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្លូវការរបស់លោកក្នុងនាមជាប្រធានាធិបតី។
ការសម្រេចរបស់តុលាការនេះ ដែលលោក Trump អាចប្រាកដជានឹងប្តឹងសារទុក្ខ បានបង្អាក់ដល់កិច្ចប្រឹងប្រែងរបស់លោកនៅក្នុងការបញ្ចៀសកុំឱ្យមានសវនាការកាត់ទោសលោកក្រោមបទចោទប្រកាន់ដែលថាលោកបានធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកនិងការផ្ទេរអំណាច បើទោះបីជាលោកកំពុងនាំមុខនៅក្នុងការប្រកួតប្រជែងដើម្បីឱ្យបានការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក៏ដោយ។
មេធាវីរបស់លោក Trump បានអះអាងថា អតីតប្រធានាធិបតីមានសិទ្ធិទទួលបានការការពារតាមផ្លូវច្បាប់ទាំងស្រុងនិងមិនអាចត្រូវបានកាត់ទោសព្រហ្មទណ្ឌសម្រាប់សកម្មភាពផ្លូវការណាមួយបានទេ លុះត្រាតែត្រូវបានរដ្ឋសភាចោទប្រកាន់និងត្រូវបានព្រឹទ្ធសភាដកតំណែងជាមុនសិន។
លោក Trump ត្រូវបានរដ្ឋសភាចោទប្រកាន់ចំនួន ២ លើករួចមកហើយ ប៉ុន្តែរាល់លើកលោកត្រូវបានគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាអាមេរិកបោះឆ្នោតក្នុងសំឡេងគ្រប់គ្រាន់ដើម្បីឱ្យលោករួចពីការចោទប្រកាន់។
លោក Trump បានអះអាងម្ដងហើយម្ដងទៀតនៅពេលលោកឃោសនាបោះឆ្នោតនិងនៅលើបណ្ដាញសង្គមអនឡាញថា លោកមានអភ័យឯកសិទ្ធិពីការកាត់ទោស ដោយលោកបានសរសេរសារកាលពីថ្ងៃទី ១៨ ខែមករាថា៖ «ប្រធានាធិបតីគ្រប់រូបត្រូវតែមានអភ័យឯកសិទ្ធិពេញលេញនិងទាំងស្រុង បើមិនដូច្នេះទេ សិទ្ធិអំណាចនិងសិទ្ធិសម្រេចម៉ឺងម៉ាត់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងត្រូវគេដកចេញនិងបាត់បង់ជារៀងរហូត»៕
វេទិកាបញ្ចេញមតិ