អតីត​មេធាវី​របស់​លោក​ ត្រាំ​ សារភាព​កំហុស​ចំពោះ​​បទ​​ចោទ​ប្រកាន់​ថ្មី

លោក Michael Cohen ដើរ​ចេញ​ពី​តុលាការ​សហព័ន្ធ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ក្រោយ​ពេល​សារភាព​កំហុស​រឿង​មិន​រាយការណ៍​អំពី​គម្រោង​សាងសង់​អាគារ​ Trump Tower នៅ​រុស្ស៊ី។

ពួក​អ្នក​កាសែត​ដែល​ធ្វើ​ដំណើរ​ជាមួយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ ទៅ​កាន់​សន្និសីទ​កំពូល​នៃ​បណ្ឌា​ប្រទេស​ G-20 ​នៅ​ក្នុង​ប្រទេសអាហ្សង់ទីន​ និយាយ​ថា ​លោក​ប្រធានា​ធិបតី​មានអារម្មណ៍​មិន​ល្អ​ទេ ហើយ​មាន​ស្មារតី​មិន​មូល​នៅ​ក្រោយ​លោក​ Michael Cohen ​អតីត​មេធាវី​របស់​លោក​បាន​សារភាព​ថា​លោក​បាន​និយាយ​កុហក​ប្រាប់​សភា​អំពី​កិច្ច​ព្រម​ព្រៀង​ខាង​អចលនទ្រព្យ​មួយ​របស់​លោក ត្រាំ​ នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក​ Cohen​ បាន​សារភាព​ថា​ មាន​លោក​មាន​កំហុស​នៅ​ក្នុង​តុលាការ​សហព័ន្ធ​មួយ​ក្នុង​បូរី​ញូវយ៉ក ​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិល​មិញ​ ដោយ​ថា​លោក​បាន​ធ្វើ​ឱ្យ​ពួក​សមាជិក​សភា​យល់​ខុស​អំពី​ពេល​វេលា​នៃ​កិច្ច​ចរចា​ជាមួយ​រុស្ស៊ី​សម្រាប់​ការ​កសាងអាគារ ត្រាំ​ នៅ​ក្នុង​ក្រុង​មូស្គូ។

លោក​ Robert Mueller​ រដ្ឋ​អាជ្ញា​ពិសេស​ ដែល​ស៊ើប​អង្កេត​អំពី​លទ្ធភាព​នៃ​ការ​ឃុប​ឃិត​គ្នា​រវាង​ពួក​អ្នកឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក​ ត្រាំ​ និង​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៦​ បាន​ចោទ​ប្រកាន់លោក Cohen។​ លោក​ Cohen​ ប្រឈម​រួច​ស្រេច​ហើយ​នឹង​ទោស​ជាប់ពន្ធនាគារ​ដោយសារ​មាន​ទាក់​ទិន​នឹង​ការ​ប្រព្រឹត្ត​ទុច្ចរិត​ខាង​ធនាគារ​ និង​សកម្មភាព​ទាក់​ទិន​ជាមួយ​ជំនួញ​ឡាន​តាក់ស៊ី​ របស់​លោក។​

កាល​ពី​ឆ្នាំ​ទៅ​មិញ​លោក ​Cohen​ បាន​និយាយ​ប្រាប់​គណៈ​កម្មាធិការ​ខាង​ការ​ស៊ើបការ​សម្ងាត់​របស់ព្រឹទ្ធសភា​ស.រ.អា.​ថា​ ​កិច្ច​ចរចា​រវាង​អង្គការ​ត្រាំ​ និង​ប្រទេស​រុស្ស៊ី​ដើម្បី​ស្ថាបនា​អាគារ​ ត្រាំ​ នៅ​ក្នុង​ក្រុង​មូស្គូ​បាន​ចប់​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៦។ ​ប៉ុន្តែ​តាមពិត​ កិច្ច​ចរចា​នេះ​បាន​បន្ត​ធ្វើ​រហូត​ដល់​ខែ​មិថុនា​ ឆ្នាំ​២០១៦​ នៅ​ក្រោយ​លោក​ ត្រាំ​ បាន​ទទួល​ការ​ជ្រើស​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ស.រ.អា.​ខាង​គណបក្ស​សាធារណរដ្ឋ។

លោក​ Cohen ​ក៏​បាន​ទទួល​សារភាព​ដែរ​ថា​ លោក​បាន​និយាយ​កុហក​សភា​អំពី​សេចក្តី​លម្អិត​ឯ​ទៀតៗ​នៃ​គម្រោង​ការ​នេះ​នៅ​ក្នុង​ក្រុង​មូស្គូ​ ដោយ​មាន​រួម​បញ្ចូល​ការ​ទាក់​ទង​របស់​លោក​ផ្ទាល់​ជាមួយ​ពួក​មន្ត្រី​រុស្ស៊ី ​ថា​លោក​មិនដែល​សុំ​ឱ្យ​លោក ត្រាំ​ ធ្វើ​ដំណើរ​តាម​យន្តហោះ​ដោយ​ខ្លួន​លោក​ផ្ទាល់​ទៅ​កាន់​ក្រុង​មូស្គូ​ទេ៕