ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃអាទិត្យម្សិលមិញថា ដើម្បីឈានទៅដល់ការឯកភាពគ្នាជាមួយនឹងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យក្នុងការអនុញ្ញាតឲ្យអ្នកដែលមានក្ដីសុបិនចង់មកសហរដ្ឋអាមេរិកអាចរស់នៅក្នុងប្រទេសនេះបាននោះ លោកនឹងជម្នះឲ្យមានការសើរើនូវប្រព័ន្ធផ្ដល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ដែលហៅថា Green-Card របស់សហរដ្ឋអាមេរិក ជួលមន្ត្រីអន្តោប្រវេសន៍ ១ ម៉ឺននាក់បន្ថែមទៀត និងកសាងជញ្ជាំងនៅតាមបណ្ដោយព្រំដែនភាគខាងត្បូងប្រទេស។
កាលពីខែមុន លោក Trump បានប្រកាសពីគម្រោងក្នុងការបញ្ចប់កម្មវិធី DACA ដែលបានបង្កើតឡើងក្នុងសម័យលោក Barack Obama ដែលកម្មវិធីនេះបានការពារមនុស្សវ័យក្មេងរាប់សែននាក់ដែលត្រូវបានឪពុកម្ដាយពួកគេនាំមកសហរដ្ឋអាមេរិកដោយខុសច្បាប់កាលពីពួកគេនៅក្មេងៗ។
បញ្ជីគោលនយោបាយអន្តោប្រវេសន៍របស់លោក Trump ក៏មានផងដែរនូវការកំណត់ចំនួន Green Card ចំពោះប្ដីឬប្រពន្ធ និងកូនៗក្រោមអាយុពេញវ័យរបស់ពលរដ្ឋអាមេរិកាំង និងអ្នកដែលមានសិទ្ធិរស់នៅអចិន្ត្រៃយ៍នៅក្នុងសហរដ្ឋអាមេរិក និងបង្កើតប្រព័ន្ធផ្អែកលើគុណសម្បត្តិរបស់បុគ្គលក្នុងការទទួលបាន Green Card។
ប៉ុន្តែ សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានប្រឆាំងយ៉ាងដាច់អហង្ការចំពោះចំណុចជាច្រើននៅក្នុងបញ្ជីគោលនយោបាយអន្តោប្រវេសន៍របស់លោក Trump នេះ។
នៅក្នុងសេចក្ដីប្រកាសរួមគ្នាមួយ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាលោកស្រី Nancy Pelosi និងមេដឹកនាំគណបក្សប្រជាធិបតេយ្យនៃព្រឹទ្ធសភាលោក Chuck Schumer បាននិយាយថា បញ្ជីគោលនយោបាយអន្តោប្រវេសន៍នេះហួសពីកម្រិតដែលចាត់ទុកថាសមហេតុសមផល៕