លោក Trump បដិសេធ​សំណើ​របស់​សភា​ ក្នុង​ការ​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​កាត់ទោស​លោក

រូបឯកសារ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រៀមធ្វើដំណើរតាមយន្តហោះ Air Force One នៅទីក្រុង Harlingen រដ្ឋ Texas កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។

សភា​សហរដ្ឋអាមេរិក​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ បាន​ស្នើ​ឲ្យ​អតីត​ប្រធានាធិបតីលោក​ Donald Trump ផ្ដល់​សក្ខីកម្ម​ក្រោម​ពាក្យ​សម្បថ នៅ​ក្នុង​សវនាការ​កាត់ទោស​លោក​នៅ​ក្នុង​ព្រឹទ្ធសភា។ ទីប្រឹក្សា​ម្នាក់​របស់​លោក Trump បាន​ឲ្យ​ដឹង​ថា​ លោក​ Trump បាន​បដិសេធ​សំណើ​នេះ។​

រដ្ឋអាជ្ញា​ដឹកនាំ​សវនាការ​កាត់ទោស​នេះ​លោក Jamie Raskin បាន​ស្នើ​សុំ​ក្នុង​លិខិតមួយ​ច្បាប់​ផ្ញើ​តាម​អ៊ីមែល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​កាន់​លោក​អតីត​ប្រធានាធិបតី Trump ឲ្យ​ផ្ដល់​សក្ខីកម្ម «មិន​ថា​មុន ឬអំឡុងពេល» នៃ​សវនាការ​ដែល​នឹង​ចាប់​ផ្ដើម​ នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភ:​ខាង​មុខ​នេះ​ទេ។

លោក Raskin បាន​សរសេរ​ថា៖ «បើ​សិន​ជាលោក​បដិសេធ​ការ​អញ្ជើញ​នេះ យើងខ្ញុំ​សូម​រក្សា​សិទ្ធិ​គ្រប់​យ៉ាង រួម​ទាំង​សិទ្ធិជំនុំជម្រះ​នៅ​សវនាការ ដែលការ​បដិសេធ​មិន​ផ្ដល់​សក្ខីកម្ម​របស់​លោក គាំទ្រ​យ៉ាង​ខ្លាំង​លើ​សេចក្ដីសន្និដ្ឋាន​មួយ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​លោក​ក្នុង​ព្រឹត្តិការណ៍ [បះបោរ​នៅ​វិមាន​សភា​សហរដ្ឋ​អាមេរិក​] កាល​ពី​ថ្ងៃ​ទី ០៦ ​ខែមករា ឆ្នាំ ២០២១»។

លោក​ Jason Miller ទីប្រឹក្សា​របស់​លោក​ Trump បាន​និយាយថា លោក Trump នឹង​មិន​ផ្ដល់​សក្ខីកម្ម​នៅ​ក្នុង​ដំណើរការ​មួយ​ ដែល​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ»។

ប៉ុន្មានម៉ោង​ក្រោយ​មក​មេធាវី​របស់​លោក Trump លោក Bruce Caster និង​លោក David Schoen បាន​និយាយ​ថា​លិខិត​របស់​លោក Raskin បង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​ «មិន​អាច​បង្ហាញ​ពី​ការ​ចោទ​ប្រកាន់» ​របស់​ខ្លួន​បាន​ទេ ហើយ​ថា​ការ​យក​សវនាការ​កាត់ទោស​លោក​មក​លេង​ គឺជា​រឿង​ធ្ងន់ធ្ងរ​ជ្រុល​ពេក​ហើយ។​

លោក Trump ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លោក​ លុក​លុយ​ចូល​ក្នុង​វិមាន​សភា​សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែ​មករា​កន្លង​ទៅ​នេះ៕