ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្ថិតនៅក្នុងរដ្ឋតិចសាសកាល ពីថ្ងៃព្រហស្បតិ៍ ដែលនៅទីនោះលោកបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Dallas ដើម្បីប្រមូលការគាំទ្រនៅក្នុងរដ្ឋនោះដែលរហូតមកទល់ពេលថ្មីៗនេះអាចពឹងផ្អែកលើសន្លឹកឆ្នោតរបស់ពួកគណបក្សសាធារណរដ្ឋ។
នៅខាងមុនហ្វូង មនុស្សប្រកបដោយការសាទរ លោកប្រធានាធិបតីត្រាំបានអួតអំពីកិច្ចព្រមព្រៀងឈប់បាញ់គ្នាដែលពួកមន្រ្តីសេតវិមានបានធ្វើជាមួយតួកគី ដែលរដ្ឋាភិបាលតួកគីបានយល់ព្រមផ្អាកកិច្ចប្រតិបត្តិការយោធាជាបណ្តោះអាសន្ននៅក្នុងប្រទេសស៊ីរីដើម្បីអនុញ្ញាតិឲ្យកងទ័ព Kurd ដកចេញពីតំបន់សុវត្ថិភាព។
លោកប្រធានាធិបតីត្រាំបាននិយាយថា «តួកគី នឹងមានការសប្បាយចិត្ត។ជនជាតិKurd នឹងសប្បាយចិត្តដែរ។ក្រុមរដ្ឋអ៊ីស្លាម មិនសប្បាយចិត្តទេ»។
កិច្ចព្រមព្រៀងនោះបានត្រូវប្រកាសកាលពីថ្ងៃព្រហស្បតិ៍ដោយអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence បន្ទាប់ពីជួបជាមួយប្រធានាធិបតីតួកគីលោកErdogan នៅក្នុងរដ្ឋធានីអង់ការ៉ា។ ការឈប់បាញ់គ្នានេះកើតមានឡើងមួយសប្តាហ៍បន្ទាប់ពីលោកប្រធានាធិបតីត្រាំដកកងទ័ពសហរដ្ឋអាមេរិកចេញពីតំបន់ដែលកាន់កាប់ដោយពួក Kurd នៅភាគខាងជើងប្រទេសស៊ីរី ដែលបានត្រួសត្រាយផ្លូវឲ្យលោក Erdogan ចាប់ផ្តើមវាយប្រហារប្រឆាំងនឹងកងកម្លាំង Kurds YPG ហើយបានបំផ្លិចបំផ្លាញនៅក្នុងតំបន់ ដែលបានបណ្តាលឲ្យមានការព្រួយបារម្ភអំពីការងើបឡើងវិញរបស់ពួកក្រុមរដ្ឋអ៊ីស្លាម។
មានការរិះគន់យ៉ាងខ្លាំងអំពីការសម្រេចដកកងទ័ពសហរដ្ឋអាមេរិកនេះ សូម្បីតែសម្ព័ន្ធមិត្តខាងគណបក្សសាធារណរដ្ឋ លោកប្រធានាធិបតីត្រាំ បានសារភាពថា វិធីដោះស្រាយរបស់លោកខុសពីពិធីការ៕