លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃពុធម្សិលមិញ បានចោទសួររកមូលហេតុម្តងទៀត ជុំវិញនឹងករណីថា ប្រសិនបើរុស្ស៊ីបានជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦មែននោះ មានន័យថាអតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ានិងរដ្ឋបាលរបស់លោក បានចាត់វិធានការណ៍រារាំងបន្តិចបន្តួចប៉ុណ្ណោះ និងថាហេតុអ្វីបានជាពួកគេឥឡូវនេះមិនស្ថិតក្រោមការស៊ើបអង្កេតនោះ?
លោក Trump បានទាមទារឲ្យរដ្ឋមន្ត្រីយុត្តិធម៌របស់លោក គឺលោក Jeff Sessions ធ្វើការស៊ើបអង្កេតលើលោក អូបាម៉ា និងមន្ត្រីនៅក្នុងរដ្ឋបាលរបស់លោក។ លោក Trump បានសរសេរនៅក្នុង Twitterថា «សំណួរ៖ ប្រសិនបើរុស្ស៊ីបានចូលជ្រៀតជ្រែកនៅក្នុងជំនាន់រដ្ឋបាលលោក អូបាម៉ា រហូតដល់ត្រឹមថ្ងៃទី២០ខែមករាមែន ហេតុអ្វីបានជាគេមិនធ្វើការស៊ើបអង្កេត? ហេតុអ្វីបានជាលោកអូបាម៉ាមិនចាត់វិធានការណ៍អ្វីទាំងអស់? ហេតុអ្វីបានជាពួកប្រជាធិបតេយ្យមិនស្ថិតក្រោមការស៊ើបអង្កេត? សូមសួរទៅលោក Jeff Sessions»។
ប៉ុន្មានថ្ងៃកន្លងមកនេះមានរឿងដដែលៗកើតឡើងមកលើលោក Trump ពាក់ព័ន្ធនឹងការស៊ើបអង្កេតលើយុទ្ធនាការរកសំឡេងឆ្នោតរបស់លោក ដែលមានរយៈពេលជាច្រើនខែថាមានជាប់ពាក់ព័ន្ធជាមួយនឹងផលប្រយោជន៍របស់រុស្ស៊ី នៅអំឡុងពេលនោះរហូតដល់ការបោះឆ្នោតនៅក្នុងខែវិច្ឆិកាឆ្នាំ២០១៦ និងបន្ទាប់មកបានព្យាយាមបង្វែរចំណាប់អារម្មណ៍ទៅលើរដ្ឋបាលលោក អូបាម៉ាថាមិនបានធ្វើអ្វីនៅអំឡុងពេលមុនការបោះឆ្នោត និងប៉ុន្មានសប្តាហ៍ក្រោយការបោះឆ្នោតនោះ។
ការណែនាំរបស់លោក Trump ដូច្នេះទៅលោក Sessions ក៏បានបង្ហាញថា លោកប្រធានាធិបតីនៅមិនសប្បាយចិត្តដែលលោករដ្ឋមន្ត្រីយុត្តិធម៌ដកខ្លួនចេញពីការស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ី ដោយសារតែការទាក់ទងរបស់លោកជាមួយនឹងអគ្គរដ្ឋទូតរុស្ស៊ីកាលពីឆ្នាំ២០១៦នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដែលការណ៍នេះបាននាំឲ្យមានការតែងតាំងលោក Robert Mueller រដ្ឋអាជ្ញាពិសេសឲ្យដឹកនាំការស៊ើបអង្កេតបទព្រហ្មទណ្ឌនេះ៕