ប្រធានា​ធិបតី​អាមេរិក​ថា ​ប្រធានា​ធិបតី​រុស្ស៊ី​មិន​ចង់​ទាក់​ទិន​ក្នុង​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា​ទេ

រូបឯកសារ៖ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ (ឆ្វេង) និង​លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ដូណាល់ ត្រាំ ​និយាយថា ​លោក​មាន​ការ​សន្ទនា​តាម​ទូរស័ព្ទ​ប្រកប​ដោយ​វិជ្ជមាន​អស់​រយៈ​ពេល​ជាង​១ម៉ោងជាមួយ​ប្រធា​នា​ធិបតី​រុស្ស៊ី​លោក​ Vladimir Putin​ អំពី​ប្រទេស​វ៉េណេស៊ុយអេឡា ​និង​បញ្ហា​ផ្សេង​ៗ​ទៀត។

លោក​ប្រធានា​ធិបតី​ ត្រាំ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​ការិយាល័យ​របស់លោក នៅ​សេតវិមាន ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ថា៖

«ប្រធានា​ធិបតី​រុស្ស៊ី ​មិន​ចង់​ទាក់​ទិន​ទាល់​តែ​សោះក្នុង​ប្រទេសវ៉េណេស៊ុយអេឡា​ ក្រៅ​ពី​លោក​ចង់​ឃើញ​អ្វី​ដែល​កើត​មាន​ឡើង​មាន​ផល​វិជ្ជមាន ​សម្រាប់​វ៉េណេស៊ុយអេឡា។​ ខ្ញុំមាន​អា​រម្មណ៍​ដូច្នេះ​ដែរ»។

ប្រធានាធិបតី​ ត្រាំ ​ដែល​បាន​ថ្លែង​ទន្ទឹម​នឹង​លោក ​Peter Pellegrini​ នាយករដ្ឋ​មន្រ្តីសាធារណរដ្ឋស្លូវ៉ាក ​បាន​ពណ៌នា​ការ​ពិភាក្សា​របស់​លោក​ជាមួយ​លោក​ Putin​ ស្តី​ពីវ៉េណេស៊ុយអេឡា​ ថា​មាន​ភាព​វិជ្ជមាន​បំផុត។

ការតាន​តឹង​បាន​កើន​ឡើងក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ ពី​ព្រឹត្តិការណ៍​កើន​ឡើង​នៅ​រដ្ឋធានី​ការ៉ាកាស។ រដ្ឋបាល​របស់​ប្រធានា​ធិបតី​ ត្រាំ ​បាន​ចោទ​ប្រកាន់​រុស្ស៊ីពី​ការ​ការពារប្រធានា​ធិបតីវ៉េណេ​ស៊ុយអេឡា​លោក នីកូឡាស ​ម៉ាឌុយរ៉ូ​ មិន​ឲ្យ​បោះ​បង់​ចោល​អំណាច​ និង​រត់​ចាក​ចេញ​ពី​ប្រទេស។​

លោក​ John Bolton​ ទីប្រឹក្សា​សន្តិសុខជាតិ​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «នេះ​ជា​អឌ្ឍគោល​របស់​យើង។​ វា​មិន​មែន​ជា​ទីកន្លែង​ដែល​រុស្ស៊ី​ គួរតែ​ជ្រៀត​ជ្រែក​នោះ​ទេ»។​

ក្នុង​ការ​និយាយ​ទូរស័ព្ទ​នៅ​ដើម​សប្តាហ៍​នេះ រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​លោក​ Sergey Lavrov​ បាន​ប្រាប់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក​ Mike Pompeo​ ពី​ផលវិបាក​ធ្ងន់​ធ្ង បើចាត់​វិធានការ​គគ្លើន​កាន់​តែ​ខ្លាំង​ឡើង​ក្នុងវ៉េណេ​ស៊ុយអេឡា ដែល​ត្រូវ​បាន​គេ​បក ស្រាយ​ថា​ជា​ការ​ព្រមាន​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​កុំឲ្យ​ធ្វើ​អន្តរាគមន៍​ខាង​យោធា៕