លោកស្រី Sarah Huckabee Sanders អ្នកនាំពាក្យសេតវិមាន បាននិយាយថា លោកប្រធានាធិបតី Donald Trump បានស្នើយក សេតវិមានជាកន្លែងសម្រាប់រៀបចំជំនួបរវាងលោកនិងលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ សំណើនេះបានធ្វើឡើងក្នុងអំឡុងពេលនិយាយទូរស័ព្ទកាលពីថ្ងៃទី ២០ ខែមីនារវាងមេដឹកនាំទាំងពីរ។ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទនោះ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកសង្ឃឹមថា នឹងជួបជាមួយលោក Putin «ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ»។ ភាគីទាំងពីរបាននិយាយថា ផែនការជំនួបនេះមិនទាន់បានត្រៀមរៀបចំនៅឡើយទេ។ លោកស្រី Sanders មិនបានផ្តល់ព័ត៌មានបន្ថែមអំពីផែនការកិច្ចប្រជុំនោះទេ។ លោកស្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា «យើងមិនមានអ្វីបន្ថែមទៀតទេនៅពេលនេះ»។
លោក Yuri Ushakov ជំនួយការវិមានក្រឹមឡាំង ក៏បាននិយាយផងដែរថា លោក Trump បានស្នើទទួលជួបលោក Putin ដើម្បីពិភាក្សានៅសេតវិមាន។
លោកប្រធានាធិបតី Trump កំពុងប្រឈមនឹងការពិនិត្យពិច្ច័យ ខណៈដែលទីប្រឹក្សាពិសេសស៊ើបអង្កេតទំនាក់ទំនងជាសក្តានុពលរបស់រុស្ស៊ីក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិក។ សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបានវាយតម្លៃថា លោក Putin ដឹកនាំយុទ្ធនាការដ៏មានឥទ្ធិពលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ ២០១៦ ដែលបានធ្វើឱ្យលោក Trump បានកាន់តំណែង។ លោក Trump និយាយថា គ្មានការឃុបឃិតគ្នារវាងយុទ្ធនាការរបស់លោក និងរុស្ស៊ីទេ។ ចាប់តាំងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២០ ខែមីនានោះមក ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្មុគស្មាញ ដោយសហរដ្ឋអាមេរិកបានបណ្តេញអ្នកការទូតរុស្ស៊ី៦០នាក់ និងបញ្ជាឱ្យបិទស្ថានកុងស៊ុលប្រទេសរុស្ស៊ីដើម្បីឆ្លើយតបនឹងការបំពុល Sergei Skripal អតីតចារបុរសរុស្ស៊ី នៅក្នុងប្រទេសអង់គ្លេស។ ប្រទេសរុស្ស៊ីបានបដិសេធថា ខ្លួនទាក់ទងនឹងការបំពុលនេះទេ ហើយបានឆ្លើយតបនឹងសហរដ្ឋអាមេរិកដោយបណ្តេញអ្នកការទូតអាមេរិក និងបិទស្ថានកុងស៊ុលសហរដ្ឋអាមេរិក៕