លោក Trump ជួប​ប្រជុំ​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី និង​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe (រូប​ឆ្វេង) លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​នាយករដ្ឋមន្ត្រី​អូស្ត្រាលី Malcolm Turnbull ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​ក្នុង​ពិធី​បើក​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី៣១​នៅ​ក្នុង​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ជួប​ប្រជុំ​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ក្រោយ​ពី​ជំនួប​ដំបូង​គ្រោង​ធ្វើ​ឡើង​តែ​រវាង​លោក Trump និង​លោក Turnbull តែ​ប៉ុណ្ណោះ។

ការ​ផ្លាស់ប្ដូរ​នេះ​បាន​គូស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ទំនាក់ទំនង​ត្រី​ភាគី​ដែល​មាន​ការ​កើន​ឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ក្នុង​តំបន់ ជា​ពិសេស​ទាក់ទិន​នឹង​បញ្ហា​ថា​តើ​ត្រូវ​ឆ្លើយតប​ទៅ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​យ៉ាង​ដូចម្ដេច ក៏​ដូចជា​បញ្ហា​ថា​តើ​ត្រូវ​ទប់ទល់​ជាមួយ​នឹង​ការ​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ដ៏​គឃ្លើន​របស់​ប្រទេស​ចិន​យ៉ាង​ណា​នោះ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe ដែល​បាន​បង្ហាញ​ពី​ការ​សហការ​ជា​ធ្លុង​មួយ​ជាមួយ​នឹង​លោក Trump ដើម្បី​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​នោះ បាន​និយាយ​ថា៖ «ចំណុច​សំខាន់​សម្រាប់​យើង​ទាំង​អស់​គ្នា​គឺ​ការ​ធានា​ឲ្យ​បាន​នូវ​កិច្ច​សហប្រតិបត្តិការ​ត្រី​ភាគី​ដ៏​ស្អិតល្មួត​មួយ ដើម្បី​ពាំនាំ​មក​នូវ​សន្តិភាព និង​ស្ថិរភាព​ក្នុង​ស្ថានការណ៍​ជាក់ស្ដែង»។

រី​ឯ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull វិញ បាន​និយាយ​ថា៖ «យើង​មាន​ចំណុច​ផ្ដោត​ដូច​គ្នា​ក្នុង​ការ​ធានា​យ៉ាង​ណា​ធ្វើ​ឲ្យ​របប​ដឹកនាំ​របស់​កូរ៉េ​ខាង​ជើង​មាន​ការ​ភ្ញាក់​រំឭក​ឡើង និង​បញ្ឈប់​ភាព​គឃ្លើន​ច្រងេងច្រងាង និង​ការ​គំរាមកំហែង​បង្ក​ជម្លោះ​នៅ​ក្នុង​តំបន់។ សន្តិភាព និង​ស្ថិរភាព​បាន​ជំរុញ​ឲ្យ​មាន​ភាព​ចម្រុង​ចម្រើន​សម្រាប់​ប្រជាពលរដ្ឋ​រាប់​ពាន់​លាន​នាក់​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​នេះ ហើយ​យើង​នឹង​ធ្វើ​ការ​រួម​គ្នា​ដើម្បី​ធានា​ថា​យើង​អាច​រក្សា​សន្តិភាព និង​ស្ថិរភាព​ទាំង​នេះ​បាន»។

ការ​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ការ​ចូលរួម​ពី​នាវា​ដឹក​យន្តហោះ​ចម្បាំង​សហរដ្ឋ​អាមេរិក ៣ គ្រឿង កំពុង​ដំណើរការ​នៅ​ក្នុង​ដែន​ទឹក​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច ដើម្បី បង្ហាញ​ពី​កម្លាំង។

លោក Trump បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដ៏​ចម្បង​មួយ​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង និង​បញ្ហា​ពាណិជ្ជកម្ម នៅ​ពេល​លោក​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ ក្រោយ​ពី​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈពេល ១២ ថ្ងៃ​ទៅ​កាន់​ប្រទេស​ចំនួន ៥ នៅ​ទ្វីប​អាស៊ី៕