ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កម្ពុជា​ទៅ​​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​ ​គ្រា​ប្រទេស​​នេះ​កំពុង​ប្រឈម​នឹង​ជម្លោះ​នយោបាយ


រូបឯកសារ៖ មេដឹកនាំ​អាស៊ាន​អំឡុងពេល​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៣០ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៧។
រូបឯកសារ៖ មេដឹកនាំ​អាស៊ាន​អំឡុងពេល​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៣០ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៧។

លោក​ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធផ្សេង​ទៀត​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា​ ​Asean​ ​ដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ​ប្រទេស​ហ្វីលីពីន​ ​ពីថ្ងៃ​ទី​១២​ ​ដល់​ ថ្ងៃទី​១៤​ ខែ​វិច្ឆិកា​ ឆ្នាំ​ ​២០១៧។​

ក្នុង​ដំណើរ​របស់​លោក​ ​ហ៊ុន សែន​ ​ទៅ​កាន់​ទីក្រុង​ម៉ានីល​នោះ​ ​ ​មាន​មន្ត្រី​កម្ពុជា​ជាច្រើន​រូប​នឹងអម​ដំណើរ​ជា​មួយ។​ ​ក្នុង​នោះ​ ​រួមមាន​លោក​ ​ប្រាក់​ សុខុន​ ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ ​លោក​ ​ប៉ាន់ សូរស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ និង​លោក​ ហង្ស​ ​ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត។​

ឯកសារ​នៃ​កាល​បរិច្ឆេទសម្រាប់​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ានីល​ ​ដែល​ ​VOA​ ​ទទួល​បាន ​នៅថ្ងៃ​ពុធ​ បាន​ឲ្យដឹង​ថា​ អាស៊ាន​នឹង​រៀបចំ​កិច្ច​ប្រជុំ​ជាច្រើន​ រួម​មាន​ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ចិន​លើក​ទី២០​ កិច្ចប្រជុំ​កំពូល​អាស៊ាន សាធារណ​រដ្ឋ​កូរ៉េ​លើក​ទី​១៩​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន​លើក​ទី​ ២០​ ព្រម​ទាំង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ​អង្គការ​សហ​ប្រជាជាតិ​ និង​កិច្ចប្រជុំ​អាស៊ាន​បូក​បី​ ​ ព្រមទាំង​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​ កាណាដា​ សហភាព​អឺរ៉ុប​ ​កិច្ចប្រជុំ​កំពូល​អាស៊ាន ឥណ្ឌា​លើក​ទី​១៥ ​និង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១២។​

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ មាន​ប្រសាសន៍​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ការ​ចូលរួម​របស់​កម្ពុជា​នៅ​ក្នុង​កិច្ច​ខាង​មុខ​នេះ​ ជា​ឱកាស​សម្រាប់​កម្ពុជា​ ​ក្នុង​ការ​បង្ហាញ​វឌ្ឍនភាព​របស់​ប្រទេស​ ​និង​ការ​ស្វែង​យល់​អំពី​ការ​វិវត្ត​នានា​ក្នុង​តំបន់។​

ដោយសារ​តែ​អាមេរិក​នឹង​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រជុំនានា​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ានីល​នោះ​ ​លោក​មាស នី​បាន​សម្តែងក្តី​សង្ស័យ​ថា​ ​និន្នាការ​ប្រឆាំង​អាមេរិក​របស់​រដ្ឋាភិបាល​កម្ពុជា​អាច​នឹង​ត្រូវបាន​លើក​ឡើង​មក​ពិភាក្សា​ដោយ​ភាគី​អាមេរិក។​

«វា​អាច​រឿង​រ៉ូហ៊ីងយ៉ា​ រឿង​សមុទ្រ​ចិន​ ក៏​ប៉ុន្តែ​ខ្ញុំ​សង្ស័យ​តែ​អាមេរិក ​វា​នឹង​អាច​លើក​ឡើង​ដែរ​ពី​បញ្ហា​វិបត្តិ​នៅ​កម្ពុជា​ ដោយ​សារតែ​រដ្ឋាភិបាល​កម្ពុជា​ហាក់ដូច​ជា​បុក​សម្រុក​ទៅលើ​អាមេរិក​កាន់​តែ​ធ្ងន់ទៅៗ​ មិន​ដឹង​ថា​ ​តើ​អាមេរិក​គាត់​ទ្រាំ​បាន​ប៉ុណ្ណា។​ អាហ្នឹង​ខ្ញុំ​អត់​ដឹង​ដែរ​បាទ។ ​ចាំមើល​សិន​ ចាំ​មើល​ឃើញ​ការ​ប្រជុំ​ហ្នឹង។ យើង​នឹង​អាច​ឃើញ​តាម​រយៈ​ទូរទស្សន៍​ ឬ​តាម​ការ​ផ្សាយ​ព័ត៌មាន​អី​យើង​ដឹង​បាទ»។​

អ្នក​វិភាគ​ស្ថាន​ភាព​សង្គម​ និង​នយោបាយ​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ តាមរយៈ​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​សមាគម​អាស៊ាន​ ដែល​មាន​អាយុកាល​៥០​ឆ្នាំ​មក​នេះ​ ​ ប្រទេស​ក្រីក្រ​មួយ​នេះ​បាន​ទាញ​ផល​ប្រយោជន៍​ពី​វិស័យ​សេដ្ឋ​កិច្ច​ ​តែ​ប្រទេស​នេះ​មិន​បាន​ទទួល​ផល​ប្រយោជន៍​អ្វី​ខាង​នយោបាយ ទេ​ ​ខណៈ​ដែល​សមាគម​មួយ​នេះ​បាន​កំណត់​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក។​

លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍសង្គម​ មាន​ប្រសាសន៍​ថា៖

«ក៏​ប៉ុន្តែ​អ្វី​មួយ​ដែល​ខ្ញុំ​ឃើញ​ជា​បញ្ហា​នៃការ​ព្រួយ​បារម្ភ​គឺ​ត្រង់​អាស៊ាន​មាន​គោល​នយោបាយ​មួយ​គឺ​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​គ្នា​ទៅវិញ​ ទៅ​មក​ បាទ។ ​អីចឹង​ ប្រទេស​ណា​ដែល​ជួប​ប្រទះ​នូវ​វិបត្តិ​នយោបាយ​ហ្នឹង​ គឺ​ប្រទេស​អាស៊ាន​អត់​ហ៊ាន​លូកមាត់​អីមក​ជួយ​គ្នា​ទេ​បាទ។​ អីចឹង​ ត្រង់​ហ្នឹង​មួយ​ ​យើង​ឃើញ​ថា ​ប្រទេស​កម្ពុជា​មិន​បាន​ប្រយោជន៍​អី្វ​ពីការ​ជួយ​គាំទ្រ​ពី​ប្រទេស​អាស៊ាន​ ដើម្បី​ជួយ​ស្រោច​ស្រង់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​ទេ​បាទ»។​

លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)
លោក មាស នី អ្នកស្រាវជ្រាវសង្គម។ (លឹម សុធី/VOA)

ការ​ចូលរួម​របស់​កម្ពុជា​នៅក្នុង​កិច្ច​ប្រជុំ​ដ៏ធំ​របស់សមាគម​អាស៊ាន​នេះ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ប្រទេស​កម្ពុជា​ត្រូវ​អ្នក​សង្កេត​ការណ៍​នយោបាយ​ក្នុង​ស្រុក​ ​និង​តំបន់​មើល​ឃើញ​ថា​ ​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ ក្នុង​នោះ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ ​សិទ្ធិ​ធ្វើ​ប្រតិបត្តិ​ការ​នៃ​អង្គការ​សង្គម​ស៊ីវិល​ និង​សិទ្ធិ​ធ្វើ​ប្រតិបតិ្ត​ការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​សេរី​ ដែល​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​ឆ្នាំ ១៩៩១​ ដែល​មាន​ប្រទេស​ក្នុង​សមាគម​អាស៊ាន​ជាច្រើន​ជា​ហត្ថលេខី។​

ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នេះ​កើត​មាន​ឡើង​ ​ក្រោយ​ការ​បង្ក្រាបរបស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ ជា​បន្តបន្ទាប់​ទៅ​លើ​សំឡេងក្រុម​ប្រឆាំង​ ​ ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ​ ​និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។

តាម​ឯកសារ​នៃ​កាល​បរិច្ឆេទ​សម្រាប់​កិច្ច​ប្រជុំនៅ​ប្រទេស​ហ្វីលីពីន​ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​ឲ្យថា​ ដឹង​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សា​វរីយ៍​អាស៊ាន​ សហ​រដ្ឋ​អាមេរិក​លើក​ទី​៤០ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ម៉ានីល។

លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​ដូណាល់ ត្រាំ​ ​គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំនៃ​វេទិកា​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​តំបន់​អាស៊ី ​និង​ប៉ាស៊ីហ្វិក​ពីថ្ងៃ​ទី​១១ ​ដល់​១២​ ខែ​វិច្ឆិកា ​នៅ​ប្រទេស​វៀតណាម​ ​ហើយ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៥០​ឆ្នាំ​នៃ​ការបង្កើត​សមាគម​អាស៊ាន ​និង​កិច្ច​ប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​សហ​រដ្ឋ​អាមេរិក​ និង​អាស៊ាន​នៅ​ថ្ងៃ​ទី​១២ ​និង​១៣ខែ​វិច្ឆិកា។​

ទាក់​ទិន​នឹង​បញ្ហា​រកាំរកូស​នៃ​ទំនាក់​ទំនង​រវាង​កម្ពុជា​ ​និង​អាមេរិក ​លោក​ ​ផៃ ស៊ីផាន​ ​អ្នក​នាំពាក្យ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​ពុធ​នេះ​ នឹង​មិន​មាន​ការ​លើក​យក​ស្ថានការណ៍ចុង​ក្រោយ​នៃ​ទំនាក់​ទំនង​ទ្វេភាគីកម្ពុជា​អាមេរិក​មក​ពិភាក្សា​នោះ​ឡើយ។

«រាល់​ការ​ប្រជុំ​នីមួយៗ​ហ្នឹង​ គេមាន​របៀបវារៈ។​ របៀបវារៈ​របស់​គេ​ហ្នឹង​ គេ​មិន​ដែល​យក​រឿង​ផ្ទាល់​ខ្លួន​ពី​ប្រទេស​មួយ​ទៅ​ជជែក​ជាមួយ​ប្រទេស​មួយ​នោះ​ទេ​ អត់​ទេ។​ អា​ហ្នឹង​ចំណុច​ទី​មួយ។ ​ចំណុច​ទី​ពីរ​ គេ​អាច​ជួប​ sideline អា​ sideline បាន​សេចក្តី​ទ្វេភាគី​ ព្រោះ​ប្រជុំ​ហ្នឹង​ពហុភាគី។​ ពហុភាគី​ហ្នឹង​ គេ​ទៅ​តាម​របៀបវារៈ​របស់​គេ​ ដែល​អត់​មាន​ពាក់​ព័ន្ធ​រឿង​ប្រទេស​នីមួយៗ​ទេ។​ វា​អត់​មាន​ទាល់​តែ​សោះ។ ​អ្នក​វិភាគ​ហ្នឹង​ មនុស្ស​ល្ងង់​សុទ្ធសាធ​ គ្មាន​ការ​ពិសោធ​នៅ​ក្នុង​ការ​ប្រជុំ​អន្តរជាតិ​នោះ​ទេ​ រីឯ​ sideline ​រហូត​ដល់​ពេល​នេះ​ យើង​អត់​មាន​សុំ​ជួប​ផង»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលនេះ​បាន​ថ្លែង​បញ្ជាក់​បន្ថែម​ថា​ សហ​រដ្ឋ​អាមេរិក​ ក៏​នឹង​មិន​អាច​ធ្វើ​ការ​ស្តី​បន្ទោស​កម្ពុជា​ ដែល​ជា​រដ្ឋ​ឯករាជ្យនោះ​ដែរ។​

«ដូច្នេះ​គ្មាន​អ្វី​ ដែល​ក្នុង​ការ​លើកឡើង​ អាមេរិក​មក​ស្តី​ឲ្យ​ ឬ​មក​ណែនាំ​ខ្មែរ​ពីព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យ​ភាព​ ហើយ​អាមេរិក​គ្រាន់​តែ​ជា​ ដៃ​គូ​សន្ទនា​តែប៉ុណ្ណោះ​ អត់​មែន​អាណានិគម​លើ​កម្ពុជា​ ឬ​មាន​ឥទ្ធិពល​ណា​មក​ជះ​លើ​កម្ពុជា​ទេ​ បាទ»។

ជំនួប​នៅ​ក្នុង​ទីក្រុង​ម៉ានីល​កើត​មាន​ឡើង​មួយឆ្នាំ​ ​ក្រោ​យពី​ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ «មាន​ទស្សនៈ​វិស័យ​ឱ្យ​មាន​ទីផ្សារ​តែ​មួយ ​និង​ផ្អែក​លើ​ផលិត​កម្ម... ដែល​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ស្មើៗ​គ្នា​ និង​ធ្វើ​សមាហរហ​កម្ម​ចូលក្នុង​សេដ្ឋកិច្ច​ពិភព​លោក ​ដោយ​មាន​ច្បាប់​វិនិយោគ​និង​ពាណិជ្ជ​កម្ម​ស៊ី​សង្វាក់​គ្នា ​ហើយ​អាស៊ាន​ជា​អង្គការ​មួយ​ផ្អែក​លើ​ច្បាប់​ និង​ពង្រឹង​ខ្លួន​ឱ្យ​ក្លាយ​ទៅជា​គោលដៅ​ ដែល​មាន​លក្ខណៈ​ទាក់ទាញ​សម្រាប់​ការ​វិនិយោគ»។​ ​នេះ​បើតាម​ការ​បញ្ជាក់​នៅ​ក្នុង​គេហ​ទំព័រ​ផ្លូវការ​របស់​សមាគម​អាស៊ាន។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​នឹង​ចូល​រូមកិច្ច​ប្រជុំ​ ​និង​ចូលរួម​សកម្មភាព​នានា​ រួមមាន កិច្ច​ប្រជុំ​រវាង​នាយក​រដ្ឋមន្ត្រី​ទាំង​បី​នៃ​ប្រទេស​កម្ពុជា​ ឡាវ​ និង​វៀតណាម​ ជំនួប​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាន​បូក​បី​ ​ជំនួបក្រុម​ប្រឹក្សា​ពាណិជ្ជ​កម្ម​អាស៊ី​បូព៌ា​ កិច្ច​ប្រជុំ​កំពូល​មេគង្គ​ ជប៉ុន​លើក​ទី​៩​ ជាដើម។​

លោក​ ​ហ៊ុន សែន ក៏គ្រោង​នឹង​ជួប​ពិភាក្សា​ទេ្វភាគី​ផង​ដែរ​ជាមួយ​លោក​លី ខឺឈាង​ ​(Li Keqiang) ​នាយក​រដ្ឋមន្ត្រី​ចិន​ ​លោក​ ​ម៉ាលខុម​ ថើន​បុល​ (Malcolm Turnbull) ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ ​លោក​ ណារិន​ដ្រា​ មូឌី​ (Narendra Modi) ​នាយក​រដ្ឋមន្ត្រីឥណ្ឌា លោក​ឌីមីទ្រី​ ម៉េដវ៉េដេវ (Dmitry Medvedeve)​ នាយក​រដ្ឋមន្ត្រី​រុស្ស៊ី លោកអាន់​តូញ៉ូ ហ្គុយតេរេស​ (Antonio Guterres) ​អគ្គលេខា​ធិការ​អង្គការ​សហ​ប្រជាជាតិ​ និង​ថ្នាក់​ដឹកនាំ​គណៈ​ប្រតិភូ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត។​ តាម​ការ​អញ្ជើញ​របស់​អ្នកស្រី​ គោ្លរីយ៉ា​ ម៉ាកាប៉ាហ្កាល​ អារ៉ូយ៉ូ​ (Gloria Macapagal-Arroyo) ​ ​លោក​ ​ហ៊ុន សែន​ ​ក៏​ទៅ​ទស្សនា​តំបន់​កំពង់​ផែ​រួចពន្ធ ក្នុង​ទីក្រុង​ក្លាក​ ខេត្ត​ប៉ាំប៉ាង​ហ្គា​ ប្រទេស​ហ្វីលីពីន​ ​ដើម្បី​ពីនិត្យ​មើល​របៀប​គ្រប់​គ្រង​ និង​ហេដ្ឋា​រចនាសម្ព័ន្ធ​របស់​តំបន់​នេះ៕

XS
SM
MD
LG