លោកប្រធានាធិបតី ត្រាំ បានថ្លែងសុន្ទរកថានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទៅកាន់ប្រទេសជាតិ កាលពីយប់ថ្ងៃព្រហស្សតិ៍ ដើម្បីអបអរសារទរទិវាបុណ្យឯករាជ្យសហរដ្ឋអាមេរិក។ លោកបានហៅពិធីនេះថាជា «ការបង្ហាញយ៉ាងអស្ចារ្យដែលមានតែម្តងក្នុងមួយជីវិត»។
តាមធម្មតា ប្រធានាធិបតីអាមេរិកមើលពលរដ្ឋអាមេរិកាំងអបអរសារទរទិវាបុណ្យឯករាជ្យ នៅពីក្រោយឆាកស្ងាត់ៗ ប៉ុន្តែលោក ត្រាំ បានចាត់ចែងការរៀបចំពិធីបុណ្យ ដោយខ្លួនលោកផ្ទាល់។ លោកបានរៀបចំឲ្យមានការហោះយន្តហោះយោធា ការប្រគុំតន្ត្រីស្នេហាជាតិ និងការដាក់បង្ហាញរថក្រោះ។ លោក ត្រាំ បានថ្លែងសុន្ទរកថាយ៉ាងវែងមួយ នៅវិមានរំលឹកអនុស្សាវរីយ៍ប្រធានាធិបតី Lincoln រៀបរាប់អំពីព្រឹត្តការណ៍សំខាន់ៗ ក្នុងប្រវត្តិសាស្ត្រប្រទេសអាមេរិកចំនួន ២៤៣ឆ្នាំ ក្រោមអាកាសធាតុយ៉ាងក្តៅគគុក និងភ្លៀងផ្គរ។
លោកបានហៅប្រវត្តិសាស្ត្រអាមេរិក ថា «ពោរពេញទៅដោយជនក្លាហានរបស់ជាតិយ៉ាងអស្ចារ្យមួយ ដែលបានលះបង់អ្វីៗគ្រប់បែបយ៉ាងទាំងអស់ ដើម្បីអ្វីដែលពួកគេដឹងថាត្រូវ និងអ្វីដែលពួកគេដឹងថាពិត»។
មានការភ័យខ្លាចថាលោក ត្រាំ នឹងយកថ្ងៃកំណើតរបស់ប្រទេសជាតិ ទៅធ្វើជាពិធីនយោបាយមួយ ដោយលើកឡើងអំពីស្នាដៃរបស់លោក ក្នុងនាមជាប្រធានាធិបតី។ ប៉ុន្តែលោកមិនបាននិយាយអំពីរឿងនយោបាយសោះ ហើយក៏មិនបាននិយាយអំពីការបោះឆ្នោតនៅឆ្នាំក្រោយ ដែលមានបេក្ខជនគណបក្សប្រជាធិបតេយ្យជាងម្ភៃនាក់ ព្យាយាមមិនឲ្យលោកកាន់តំណែងមួយអាណត្តិទៀត។
ផ្ទុយទៅវិញ លោក ត្រាំ បានជៀសវៀងនិយាយអំពីអ្វីដែលធ្វើឲ្យពលរដ្ឋអាមេរិកាំង បែកបាក់គ្នា ហើយបាននិយាយអំពីអ្វីដែលបង្រួបបង្រួមពួកគេវិញ៕