ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយសរសើររដ្ឋមន្រ្តីយុត្តិធម៌ស្តីទីដែលលោកបានតែងតាំងជំនួសលោក Jeff Sessions កាលពីថ្ងៃសុក្រ ប៉ុន្តែលោកបានព្យាយាមនៅឲ្យឆ្ងាយពីបេក្ខជនដែលលោកបានតែងតាំងដោយលោកបាននិយាយម្តងហើយម្តងទៀតថា លោកគ្រាន់តែធ្លាប់បានឭអំពីកេរ្តិ៍ឈ្មោះរបស់លោក Matthew Whitaker តែប៉ុណ្ណោះ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសាព័ត៌មានមុនពេលលោកចេញដំណើរទៅទីក្រុងប៉ារីសថា៖ «ខ្ញុំមិនស្គាល់លោក Whitakerទេ។ លោកWhitakerធ្វើការឲ្យលោក Jeff Sessions ហើយគេតែងតែសសើរថាលោកជាមនុស្សពូកែ។ ខ្ញុំមិនស្គាល់លោកWhitakerទេ»។
កាលពីថ្ងៃព្រហស្បតិ៍កាសែតThe Washington Post បានដកស្រង់ពីប្រភពដែលជិតស្និតនឹងលោករដ្ឋមន្រ្តីយុត្តិធម៌ស្តីទី Whitaker ដោយបានរាយការណ៍ថាលោកគ្មានបំណងដកខ្លួនចេញពីការត្រួតពិនិត្យលើការងារស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ទៅលើការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦នោះទេ។
ប្រភពនោះក៏បានប្រាប់កាសែត Washington Post ទៀតថាពួកគេមិនជឿថាលោក Whitaker នឹងអនុម័តទៅលើការចេញដីកាបង្គាប់ណាមួយពាក់ព័ន្ធនឹងលោក ត្រាំ ទៅក្នុងការស៊ើបអង្កេតនេះទេ។ លោក ត្រាំ ធ្លាប់បាននិយាយថា ប្រសិនបើមានដីកាបង្គាប់ក៏ដោយ ក៏លោកនឹងមិនចូលខ្លួនឆ្លើយបំភ្លឺទៅនឹងសំណួររបស់លោក Muellerដែរ។
លោក ត្រាំ ធ្លាប់បាននិយាយថា «សូម្បីតែគិតក៏ខ្ញុំមិនដែលគិតដល់រឿងនេះផង។ បច្ចុប្បន្នខ្ញុំកំពុងគិតអំពីពិភពលោក។ ខ្ញុំមិនគិតអំពីរឿងឥតប្រយោជន៍នេះទេ។ វាគ្មានការចូលជ្រៀតជ្រែករំខានអ្វីទាំងអស់។ វាគឺជារឿងបោកបញ្ឆោត។ ខ្ញុំគិតថារឿងទាំងនេះត្រូវបានរៀបចំឡើងដោយគណបក្សប្រជាធិតេយ្យ»៕