កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo កំពុងជួបប្រជុំនៅទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ពេលប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរកំពុងពិភាក្សាពីលទ្ធភាពនៃការពង្រីកកិច្ចព្រមព្រៀងសំខាន់ចុងក្រោយអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសេសសល់។
អ្នកនាំពាក្យសេតវិមានលោក Hogan Gidley បានប្រាប់បណ្តាញទូរទស្សន៍Fox Business Network ថា មន្រ្តី ដែលជួបគ្នានៅពេលតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យបង្ហាញបទចោទប្រកាន់់ប្រឆាំងនឹងលោកTrumpនោះ ក៏មានផែនការពិភាក្សាអំពីសន្តិសុខការបោះឆ្នោតនិងសន្តិសុខជាតិផងដែរ។ លោក Gidley បាននិយាយថា ប្រធានាធិបតីអាមេរិកមានកាតព្វកិច្ចព្យាយាមកសាងទំនាក់ទំនងនៅពាសពេញពិភពលោក។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lavrov មកកាន់ទីក្រុងវ៉ាស៊ីនតោនចាប់តាំងពីខែឧសភាឆ្នាំ២០១៧ ពេលលោកប្រធានាធិបតីប្រឈមនឹងការចោទប្រកាន់ថា លោកសហការជាមួយរុស្ស៊ី ឲ្យជួយលោកឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក Trump បាននិយាយថា លោក Lavrov នឹងពិភាក្សាអំពីស្ថានភាពទំនាក់ទំនងទ្វេភាគីក៏ដូចជាស្ថានភាពនៅអ៊ុយក្រែននិងស៊ីរី ក្នុងចំណោមបញ្ហាផ្សេងទៀត។ កិច្ចប្រជុំនេះធ្វើឡើងនៅពេលដែលទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីកំពុងតានតឹងដោយសារការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោត។ របាយការណ៍របស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller បានសន្និដ្ឋានថា ប្រទេសរុស្ស៊ីបានជួយលោក Trump តែរដ្ឋាភិបាលក្រុង Moscow បានបដិសេធ៕