អតីត​ប្រធានាធិបតី​ Trump បដិសេធ​បទ​ចោទ​ព្រហ្មទណ្ឌ​​ចំនួន​៣៤​ករណី​ពី​តុលាការ​ក្រុង New York

អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បង្ហាញ​ខ្លួន​នៅ​​តុលាការ​ក្រុង​ New York កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​អំពី​ការ​ក្លែង​បន្លំ​ឯកសារ​កំណត់ត្រា​អាជីវកម្ម​​នៅ​ក្នុង​ករណី​​បង់​លុយ​បំបិទ​មាត់។

ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បដិសេធ​រាល់​បទ​ចោទប្រកាន់​ចំនួន​៣៤ អំពី​ការ​ក្លែង​បន្លំ​ឯកសារ​កំណត់ត្រា​អាជីវកម្ម​ ខណៈ​ដែល​រដ្ឋអាជ្ញា​នៅ​ក្រុង​ New York បាន​ចោទ​ប្រកាន់​លោក​ការ​ផ្តល់​លុយ​បំបិទ​មាត់​ស្ត្រី​ពីរ​នាក់​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ផ្លូវភេទ​ជាមួយ​លោក។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​

ការ​ចោទប្រកាន់ ដែល​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​ក្រោយលោក​ Trump បាន​មក​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ​កាល​ពី​ថ្ងៃ​អង្គារ បាន​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​រូប​នេះ​និង​ជន​ផ្សេង​ទៀត បាន​រំលោភ​ច្បាប់​បោះឆ្នោត តាម​រយៈ​ផែនការ​ឃុបឃិត​មួយ​ដើម្បី​បំបិទ​ការ​ផ្សាយ​រឿងរ៉ាវ​អវិជ្ជមាន​អំពី​លោក Trump នៅ​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៦។ ស្ត្រី​ទាំង​ពីរ​នោះ​គឺតារា​សម្តែង​រឿង​អាសអាភាសនាង​ Stormy Daniels ​និង​អ្នក​បង្ហាញ​ម៉ូដ​អាសអាភាស Karen McDougal។


ក្រុមផ្សាយ​វីអូអ​បាន​រាយការណ៍​ថា​មិនមាន​ការ​ផ្សាយ​ផ្ទាល់​ណា​មួយ​ចេញ​ពី​ក្នុងបន្ទប់​សវនាការទេ ក្រោយ​ពី​ចៅក្រម លោក Juan Merchan បាន​បដិសេធ​សំណើ​សុំ​ផ្សាយពី​បណ្តាញ​ផ្សាយ​ព័ត៌មាន​នានា។ ប៉ុន្តែ​ចៅក្រម​រូប​នេះ​បាន​អនុញ្ញាត​ឱ្យ​អ្នក​ថត​រូប​មួយ​ក្រុម​តូច​ចូល​ថត​រូប​នៅ​មុន​សវនាការ​ចាប់​ផ្តើម។​

ទី​ភ្នាក់ងារ​ Reuters បាន​រាយការណ៍​បន្ថែម​ថា ក្នុង​សម្លៀក​បំពាក់​អាវ​ធំ​ពណ៌​ខៀវ​ងងឹត​និង​ក្រវាត់​ក​ពណ៌​ក្រហម លោក Trump បាន​ក្លាយ​ជា​អតីត​ប្រធានាធិបតី​ឬ​ប្រធានាធិបតី​អាមេរិកដំបូង​ដែល​ត្រូវ​រង​បទ​ចោទ​ព្រហ្មទណ្ឌ។ លោក​បាន​អង្គុយ​ក្តាប់​ដៃ​នៅ​តុ​ចុងចោទ ​អម​ដោយ​មេធាវី​របស់​លោក។

លោក Trump អាយុ ៧៦ ឆ្នាំ បាន​ឆ្លើយ​ថា​ «មិន​មាន​កំហុស‍» នៅ​ពេល​ត្រូវ​បាន​សួរ​ថា​តើ​លោក​ទទួល​យក​បទ​ចោទ​ជាង​៣០​នេះ​ទេ។


មេធាវី​ម្នាក់​របស់​លោក Trump គឺ​លោក Todd Blanche បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រោយ​ការ​នាំ​ខ្លួន​អតីត​ប្រធានាធិបតី​រូប​នេះ​ទៅ​ចំពោះ​តុលាការ​ថា៖ «យើង​នឹង​ប្រយុទ្ធ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​វា​[បទ​ចោទ]។ យើង​នឹង​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា»។ មេធាវី​រូប​នេះ​បន្ថែម​ថា​លោក​មាន​អារម្មណ៍ នឿយណាយ​ មិន​សប្បាយ​ចិត្ត​និង​ ខឹង​សម្បា​ចំពោះ​បទ​ចោទ​ទាំង​នេះ។

ចៅក្រម​បាន​កំណត់​យក​សវនាការ​បន្ទាប់​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ខាង​មុខ។

ភ័ស្តុតាង​ខ្លះ​ប្រឆាំង​នឹង​លោក Trump ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ការ​ថត​សំឡេង​មួយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​ពេល​លោក​និង​មេធាវី​របស់​លោក​កំពុង​ពិភាក្សា​គ្នា​អំពី​របៀប​ដែល​លោក​អាច​បិទបាំង​រឿងរ៉ាវ​ស្នេហា​លួចលាក់​របស់​លោក។​


លោក Trump ដែល​ជា​បេក្ខជន​នាំ​មុខ​របស់​គណបក្ស​សាធារណរដ្ឋសម្រាប់ប្រកួត​យក​តំណែងប្រធានាធិបតី​នៅ​ឆ្នាំ​២០២៤ មិន​បាន​និយាយ​អ្វី​ទាំង​អស់​នៅ​ពេល​លោក​ចូល​ក្នុង​បន្ទប់​តុលាការ ឬ​នៅ​ពេល​លោក​ចេញ​ពី​តុលាការ​វិញ​នៅ​ប្រមាណ​មួយ​ម៉ោង​ក្រោយ​មក។ លោក​ធ្លាប់​បាន​ហៅ​បទ​ចោទ​ទាំង​នេះ ថាមាន​លក្ខណៈ​នយោបាយ។​

ក្រោយ​ចាក​ចេញ​ពី​តុលាការ​នៅ​សង្កាត់ Manhattan របស់​ក្រុង New York លោក​ Trump បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រដ្ឋ Florida វិញ ដែល​នៅ​ទី​នោះ​លោក​រំពឹង​ថា​នឹង​ថ្លែង​សុន្ទរកថា​ពី​ភូមិគ្រឹះ Mar-a-Lago​ របស់​លោក​នៅ​វេលា​ម៉ោង ៨:១៥​នាទី​យប់​ថ្ងៃ​អង្គារ (ត្រូវ​នឹង​ម៉ោង ៧:១៥​នាទី​ព្រឹក​ ថ្ងៃ​ពុធ​ម៉ោងនៅ​កម្ពុជា)។ នេះ​បើ​តាម​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​បាន​ដកស្រង់​ប្រភព​ពី​ការិយាល័យ​លោក Trump។

បើ​រួម​បញ្ចូល​គ្នា​ បទចោទ​ទាំង​អស់​អាច​នាំ​ឱ្យ​មាន​ការ​ជាប់​ពន្ធនាគារ​ជាង​១០០​ឆ្នាំ​ក្រោម​ច្បាប់​រដ្ឋ New York ប៉ុន្តែ​ការ​កាត់ឱ្យ​ជាប់​ទោស​ពិត​ប្រាកដ​ណា​មួយ ​ទំនង​នឹង​បន្ថយ​ចំនួន​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​នេះ៕

ប្រែសម្រួល​ដោយ សឹង សុផាត