លោកប្រធានាធិបតីស.រ.អា. លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ពួកអ្នកកាសែតកាលពីថ្ងៃអង្គារថា ពួកទាហាននឹងត្រូវបញ្ជូនទៅកាន់ព្រំដែនប្រទេសអាមេរិកជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបង្អាក់អន្តោប្រវេសន៍ខុសច្បាប់។
នៅក្នុងការឆ្លើយតបដល់សំណួរមួយពីអ្នកសារព័ត៌មានម្នាក់នៅក្នុងបន្ទប់ខាងកើតនៃសេតវិមាន លោកប្រធានាធិបតីបាននិយាយថា៖ «ខ្ញុំយល់ថានេះជាអ្វីដែលយើងត្រូវធ្វើ»។
លោកប្រធានាធិបតីនិងសមាជិកគណៈរដ្ឋមន្ត្រីមួយចំនួនដោយមានរួមបញ្ចូលទាំងលោករដ្ឋមន្ត្រីការពារប្រទេស James Mattis រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ kirsten Nielsen និងលោករដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម Jeff Sessions ផងបានស្តាប់ការនិយាយប្រាប់ត្រួសៗកាលពីថ្ងៃអង្គារដើម្បីពិនិត្យមើលយុទ្ធសាស្ត្ររបស់រដ្ឋបាលរបស់លោក។
ការពិភាក្សាគ្នាមានរួមបញ្ចូលការកេណ្ឌក្រុមឆ្មាំជាតិនិងសេចក្តីត្រូវការដាក់គំនាបសង្កត់លើសភាស.រ.អា.ឱ្យអនុម័តជាបន្ទាន់នូវសេចក្តីព្រាងច្បាប់ដើម្បីបិទភាពចន្លោះប្រហោងខាងផ្លូវច្បាប់ ដែលបានត្រូវទាញយកអត្ថប្រយោជន៍ដោយក្រុមអ្នកជួញដូរឧក្រិដ្ឋ, ពួកភេរវជនជួញដូរគ្រឿងញៀននិងអង្គការរត់ពន្ធ។
ក្រសួងការពារប្រទេសស.រ.អា.បានឆ្លើយតបនឹងផែនការរបស់លោក ត្រាំ ក្នុងការប្រើកងទាហានឱ្យយាមព្រំដែន។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារប្រទេសអាមេរិកបាននិយាយថា៖ «យើងកំពុងពិគ្រោះជាមួយសេតវិមាន» ដោយលោកបានសន្យាថានឹងផ្តល់ព័ត៌មានថែមទៀត។
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោក Luis Videgaray Caso បាននិយាយតាម Twitter ថា រដ្ឋាភិបាលលោកបានសុំដល់ស.រ.អា.ឱ្យបំភ្លឺអំពីសេចក្តីប្រកាសរបស់លោក ត្រាំ។ លោកបានសរសេរថា ប្រទេសម៉ិកស៊ិក នឹងបញ្ជាក់គោលជំហរខ្លួនដោយផ្អែកលើការបំភ្លឺនេះហើយតែងតែឋិតនៅក្នុងការការពារអធិបតេយ្យភាពនិងផលប្រយោជន៍ជាតិជានិច្ច៕