ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិកបញ្ជាក់​ពី​ផែនការ​បំពាក់​អាវុធ​ដល់​គ្រូ​បង្រៀន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និយាយ​អំពី​សុវត្ថិភាព​​អាវុធ​នៅ​តាម​សាលា​រៀន​ ក្នុង​ពេល​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​នៅ​ក្នុង​ស្រុក នៅ​សេត​វិមាន​ កាល​ពី​ថ្ងៃទី​២២ កុម្ភៈ ២០១៨។

លោក​ប្រធានា​ធិបតី​អាមេរិក ​ដូណាល់ ត្រាំ​ និយាយ​ថាលោក​ចង់​បំពាក់​អាវុធ​ដល់​គ្រូ​បង្រៀន​សហរដ្ឋ​អាមេរិក​ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ដើម្បី​ពង្រឹង​សាលា​រៀន​ទប់​ទល់​នឹង​ពួក​អ្នក​វាយ​ប្រហារ ​បន្ទាប់​ពី​ការ​បាញ់​ប្រហា​រ​ដ៏​ប្រល័យ​នៅ​សាលា​រៀន​កាល​ពី​សប្តាហ៍​មុន​នៅ​ក្នុង​រដ្ឋ Florida មក។

សំណើ​នោះ​កើត​មាន​ឡើង​នៅ​ពេល​ដែល​សិស្ស​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​អំពាវនាវឲ្យ​មាន​វិធានការ​ត្រួតត្រា​កាំភ្លើង​កាន់​តែ​ខ្លាំង​ឡើង។

សិស្ស​រាប់​ពាន់​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​សប្តាហ៍​នេះ​នៅ​ឯរដ្ឋ​ធានី​របស់​រដ្ឋ​នានា​និង​នៅ​ឯសេត​វិមាន​អំពាវ​នាវ​ឲ្យមាន​ការ​គ្រប់​គ្រង​កាំភ្លើង​កាន់​តែ​តឹង​តែ​ង​ឡើង។ថ្លែង​ទៅ​កាន់​សិស្ស​កាល​ពី​ថ្ងៃ​ព្រហស្បត៍ លោក​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ​ បាន​ស្នើឲ្យ​បន្ថែម​កាំ​ភ្លើងកាន់​តែច្រើន​ថែម​ទៀត​ដើម្បីធ្វើ​ឲ្យ​ពួក​អ្នក​បាញ់​ប្រហា​រនៅ​សាលា​រៀន​មាន​ការញ​ញើត។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ ដូណាល់ ​ត្រាំ​ បាន​ថ្លែងថា៖ «ពួកអ្នក​បាញ់​ប្រហារ​នឹង​មិន​ដើ​រចូល​ក្នុង​សាលា​រៀន​ទេ ​ប្រសិន​បើ​គ្រូប​ង្រៀន​ចំនួន​២០​ភាគរយ​មាន​កាំ​ភ្លើង​នោះ។​ យើងត្រូវ​តែធ្វើ​ឲ្យ​អ្នក​បាញ់​ប្រហារ​ទាំង​នោះ​ដឹងថា ​ប្រសិនបើ​អ្នក​ឯង​ចូល​ក្នុង​សាលារៀន​របស់​យើង ​អ្នកឯង​នឹង​ស្លាប់ ហើយ​ការណ៍​នេះ​នឹង​កើត​មាន​ឡើង​យ៉ាង​រហ័ស‍»។

​ក៏ប៉ុន្តែ ​គេ​មិន​ទាន់​ដឹងច្បាស់​នៅ​ឡើយ​ថា ​តើ​សមាជិក​សភា​នឹង​យល់ព្រម​លើ​ផែនការ​ផ្តល់​អាវុធ​ទៅ​ឲ្យ​គ្រូបង្រៀន​ដែរ​ឬទេ ​ឬ​ថាតើ​សាធារណជន​នឹង​គាំទ្រ​ផែនការ​នេះ​ដែរឬ​ទេ ​ឬ​ថាតើ​ផែនការ​នេះ​នឹង​មាន​ប្រសិទ្ធិភាព​ដែរឬទេ។

លោកស្រី Capri Cafaro នៃ​សាលា​កិច្ច​ការ​សាធារណៈ​នៃ​សាកល​វិទ្យា​ល័យ American University ​បាន​ថ្លែងថា៖ «ការ​បាញ់​ប្រហារ​កាល​ពី​ពេល​ថ្មី​ៗ​បំផុត​នេះ​នៅ​រដ្ឋ Florida ​យើង​មាន​អ្នក​បាញ់​ប្រហារ​ប្រើ​អាវុធ​ប្រភេទ AR-15 ឥឡូវនេះ ​យើង​មាន​គ្រូបង្រៀន​ដែល​និយាយ​ថា​នឹង​មាន​កាំភ្លើង​ខ្លី​ជា​ធម្មតា​។​ហើយ​ពួក​គ្រូ​បង្រៀន​ទាំង​នោះ​ត្រូវ​ប្រឈម​ជាមួយ​អ្នក​មាន​កាំភ្លើង​ប្រភេទ AR-15 ។ការណ៍​នេះ​មិនមែន​ជា​ការ​ប្រយុទ្ធ​មួយ​ដ៏​ត្រឹម​ត្រូវ​ទេ‍»។

លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំនិយាយ​ទៀត​ថា ​លោក​ក៏បើក​ចំហ​ឲ្យមាន​ការ ពង្រីក​ការពិនិត្យ​ឆែកឆេរ​ប្រវត្តិអ្នក​ទិញ​កាំភ្លើង​ដែរ ​ហាម​ឃាត់ឧបករណ៍​ដែល​ឆ្នៃ​កាំភ្លើង​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ទៅជា​កាំភ្លើង​ស្វ័យប្រវត្តិ​ហើយ​នឹង​បង្កើន​ការ​កម្រិត​អាយុ​អ្នក​ទិញ​កាំភ្លើង។

ក៏ប៉ុន្តែ សមាគម​កាំភ្លើង​ជាតិ​ដែល​ជា​ក្រុម​គាំទ្រ​ការប្រើ​កាំភ្លើង​ដ៏​ធំបំផុត​របស់​ប្រទេស​អាមេរិក​មិនបាន​គាំទ្រ​សំណើ​នេះទេ។

លោក​ Wayne Lapierre​ អគ្គ​នាយក​នៃ​សមាគម​កាំភ្លើង​ជាតិ​បាន​ថ្លែងថា៖«គោល​ដៅ​របស់​ពួកគេគឺ​លុប​បំបាត់វិសោធនកម្ម​ទី២​ហើយ​នឹង​សេរីភាព​នៃ​ការ​ប្រើ​កាំ​ ភ្លើងរបស់​យើង​ ដូច្នេះ ពួកគេ​អាច​លុប​បំបាត់​សេរីភាព​របស់​បុគ្គលទាំង​អស់‍»។

លោក​ Raj Shah​ លេខាធិការ​រង​ផ្នែក​ព័ត៌មាន​របស់​សេតវិមាន​បាន​ថ្លែងថា៖ «យើង​គិតថា មិន​មាន​គោល​នយោបាយដែល​នឹងហាម​ឃាត់​ប្រភេទ​អាវុធ​ភ្លាមៗ​នៅតាមសាលារៀននៅ​ឡើយ​ទេ។អ្វី​ដែល​យើង​កំពុង​ស្វែងរកគឺ​ដំណោះ​ស្រាយ​ដែល​មិន​ហាម​ឃាត់​ប្រភេទ​អាវុធ​សម្រាប់​បុគ្គល​ទាំងអស់ ក៏ប៉ុន្តែ ​ហាមឃាត់​អាវុធ​ទាំងអស់​សម្រាប់​បុគ្គល​ខ្លះ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​បាន​គំរាម​កំហែង​ដល់​សុវត្ថិភាព​សាធារណៈ‍»។

អត្ថា​ធិប្បាយមួយ​បាន​ស្នើថា គោល​នយោបាយ​ទាក់ទងបញ្ហា​គ្រប់គ្រង​អាវុធក្នុង​ប្រទេស​អាមេរិក​នោះ ​ប្រហែល​កំពុង​ធ្វើ​ការ​ផ្លាស់ប្តូរ​រួច​ទៅ​ហើយ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន