លោក Allen Weisselberg ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន Trump Organization បានសារភាពថាមានទោសពៃរ៍ចំពោះការចោទប្រកាន់ទាំងអស់ ១៥ ដែលលោកបានប្រឈមនៅក្នុងសំណុំរឿងគេចពន្ធ។ លោកត្រូវបានចោទប្រកាន់ពីបទគេចពន្ធដារលើប្រាក់អត្ថប្រយោជន៍បន្ថែមពីលើប្រាក់បៀវត្សរ៍ ដែលលោកបានទទួលពីក្រុមហ៊ុននេះ ដោយរួមមានការបង់ប្រាក់លើសេវាជួលរថយន្តដ៏ប្រណិតមួយគ្រឿង ប្រាក់ថ្លៃផ្ទះជួលមួយក្នុងសង្កាត់ Manhattan និងការបង់ថ្លៃសាលាឈ្នួលដល់ចៅរបស់លោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Weisselberg ជាមនុស្សតែម្នាក់គត់ដែលបានប្រឈមនឹងការចោទប្រកាន់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ នៅក្នុងការស៊ើបអង្កេតដ៏យូរមកហើយរបស់ប្រធានរដ្ឋអាជ្ញាប្រចាំសង្កាត់ Manhattan លើការអនុវត្តខាងធុរកិច្ចរបស់ក្រុមហ៊ុននេះ។
លោកចៅក្រម Juan Manuel Merchan បានសម្រេចកាត់ទោសលោក Weisselberg ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ខែ ហើយការព្យួរទោសដោយមានលក្ខខណ្ឌរយៈពេល ៥ ឆ្នាំ នៅពន្ធនាគារ Rikers Island នៃបូរី New York ទោះបីជាលោកនឹងអាចត្រូវដោះលែងមុនពេលកំណត់ ប្រសិនបើលោកមានអាកប្បកិរិយាល្អ នៅពេលលោកស្ថិតក្នុងពន្ធនាគារ។ ចៅក្រមរូបនេះបានថ្លែងថាលោក Weisselberg នឹងត្រូវបង់ពន្ធ បង់ប្រាក់ពិន័យ និងថ្លៃការប្រាក់ ជាទឹកប្រាក់ប្រមាណ ២ លានដុល្លារ។
ការចរចាដើម្បីសម្រាលទោសក៏តម្រូវឱ្យលោក Weisselberg ផ្តល់កសិណសាក្សីប្រកបដោយការពិត ក្នុងនាមលោកជាសាក្សីមា្នក់ នៅក្នុងសំណុំរឿងចោទប្រកាន់មួយ នៅពេលក្រុមហ៊ុន Trump Organization ត្រូវកាត់ក្ដីនៅខែតុលាខាងមុខ។ ក្រុមហ៊ុននេះត្រូវបានចោទថាបានជួយលោក Weisselberg និងអ្នកចាត់ចែងកិច្ចការប្រតិបត្តិជាច្រើននាក់ទៀត គេចពន្ធដារដោយមិនបានរាយការណ៍ឱ្យបានត្រឹមត្រូវជូនរដ្ឋាភិបាលអំពីប្រាក់បំណាច់ពេញលេញរបស់ពួកគេ។
លោក Trump មិនត្រូវបានចោទប្រកាន់ក្នុងករណីនេះទេ។
ការធ្វើកសិណសាក្សីរបស់លោក Weisselberg អាចធ្វើឱ្យការការពារក្តីរបស់ក្រុមហ៊ុន Trump Organization ចុះខ្សោយ។ ប្រសិនបើត្រូវរកឃើញថាមានទោសពៃរ៍ ក្រុមហ៊ុននេះអាចប្រឈមនឹងការបង់ប្រាក់ពិន័យ ឬអាចត្រូវព្យួរទោសដោយមានលក្ខខណ្ឌនិងត្រូវបង្ខំឱ្យផ្លាស់ប្តូរវិធីធ្វើអាជីវកម្មមួយចំនួន៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ