លោក​ប្រធានាធិបតី​ Donald Trump ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ឲ្យ​សាងសង់​ជញ្ជាំង​ព្រំ​ដែន

ក្មេង​ប្រុស​ម្នាក់​មើល​កម្មករ​អាមេរិក​រៀប​ចំ​របង​នៅ​តាម​ព្រំដែន​អាមេរិក​ និង​ម៉ិកស៊ិក​ កាលពី​ថ្ងៃទី៩ ខែកញ្ញា​ ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​ពុធ​ លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បានបញ្ជា​ឱ្យ​កសាង​ជញ្ជាំង​មួយ​តាម​បណ្តោយ​ព្រំដែន​ខាង​ត្បូង​របស់​ប្រទេស​អាមេរិក​ជាមួយ​ប្រទេស ម៉ិកស៊ិក ដើម្បី​ទប់ទល់​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​ នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ម៉ិកស៊ិក Enrique Pena Nieto បាន​និយាយច្បាស់​លាស់​ជា​ថ្មី​ទៀត​ថា​ ប្រទេស​លោក​នឹង​មិន​បង់​សោហ៊ុយ​សម្រាប់​ការ​ស្ថាបនា​ជញ្ជាំង​នេះ​ទេ។​

លោក Trump បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​នីតិប្រតិបត្តិ​ខាង​អន្តោប្រវេសន៍​នៅ​ពេល​លោក​អញ្ជើញ​ទៅ​កាន់​ក្រសួង​សន្តិសុខ​មាតុភូមិ​ដែល​ជា​ទីភ្នាក់ងារ​សហព័ន្ធ​ទទួល​បន្ទុក​ខាង​កិច្ចការពារ​ព្រំដែន​ស.រ.អា.។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា «យើង​កំពុង​មាន​វិបត្តិ​មួយ​នៅ​លើ​ព្រំដែន​ខាង​ត្បូង​របស់​យើង។ ​កំណើន​មិន​ធ្លាប់​មាន​ពី​ពេល​មុនៗនៃ​ពួក​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​មក​ពី​ផ្នែក​កណ្តាល​នៃ​ទ្វីបអាមេរិក​ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​ប្រទេស

ម៉ិកស៊ិក និង​ស.រ.អា. ហើយ​ខ្ញុំ​មាន​ជំនឿ​ថា​ វិធានការ​ដែល​យើង​នឹង​ចាត់​ ដោយ​ចាប់ផ្តើម​ពី​ពេល​នេះ​ទៅ​ នឹង​កែ​លម្អ​សន្តិសុខ​នៅ​ក្នុង​ប្រទេស​ទាំង​ពីរ​របស់​យើង។ វា​ជា​ការ​ល្អ​ណាស់​សម្រាប់​ប្រទេស​ម៉ិកស៊ិក»។

លោក Trump បាន​និយាយ​ប្រាប់​កម្មវិធី​ទូរទស្សន៍អាមេរិកាំង​ ABC News ថា​ការ​កសាង​ជញ្ជាំង​នេះ​នឹង​ចាប់ផ្តើម​ធ្វើ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​ ហើយ​នឹង​មាន​ការ​ស្ថាបនា​បន្ត​ដោយ​និយាយ​អះអាង​ថា ​ប្រទេស​ម៉ិកស៊ិក​នឹង​បង់​សោហ៊ុយ។

លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តី​សម្ភាសន៍ត្រូវ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា «ជញ្ជាំង​នេះ​នឹង​មិន​ធ្វើ​ឱ្យ​យើង​អស់​សោហ៊ុយ​អ្វី​ទេ»។

លោក​បាន​ថ្លែង​ថា​ការ​បង់​សោហ៊ុយ​ប្រហែល​មាន​ «ភាព​សាំ​ញ៉ាំ» ដោយ​បង្ហាញ​សញ្ញា​ថា​ មិនមែន​ជា​ការ​បង់​ប្រាក់​ដោយ​ផ្ទាល់​ពី​រដ្ឋាភិបាល​ក្រុង​ម៉ិកស៊ីកូ​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ។ ​កាសែត​ The Washington Post ផ្សាយ​ថា​ប្រាក់​កាស​បាន​មក​ពី​ការ​យក​ពន្ធដារ​លើ​ទំនិញ​ម៉ិកស៊ិក​ដឹក​ជញ្ជូន​ចូល​ក្នុង​ប្រទេស​អាមេរិក​អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ស្ថាបនា​ជញ្ជាំង​នេះ។​

លោក​ប្រធានាធិបតី​ម៉ិកស៊ិក Pena Nieto បានមាន​ប្រសាសន៍​ជា​ថ្មី​ទៀត​អំពី​គោលជំហរ​របស់​ប្រទេស​លោក​នៅ​ក្នុង​សារ​មួយ​ទៅ​កាន់​ប្រជារាស្ត្រ​ម៉ិកស៊ិក កាលពី​ថ្ងៃ​ពុធ​ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​សោកស្តាយ​ហើយ​មិន​យល់​ស្រប​ទេ​ជាមួយ​សេចក្តី​សម្រេច​ចិត្ត​ក្នុង​ការ​កសាង​ជញ្ជាំង​នេះ។

លោក​បាន​និយាយ​ថា​ «ប្រទេស​ម៉ិកស៊ិក​គ្មាន​ជំនឿ​លើ​ជញ្ជាំង​ទេ។ ​ខ្ញុំ​បាន​និយាយ​ច្រើន​ដង​មក​ហើយ​ថា​ប្រទេស​ម៉ិកស៊ិក​នឹង​មិន​បង់ប្រាក់​សម្រាប់​ការ​ស្ថាបនា​ជញ្ជាំង​នេះ​ឡើយ»។

លោក​ប្រធានាធិបតី​ Pena Nieto បាន​មាន​ប្រសាសន៍​បន្ថែម​ថា ប្រទេស​ម៉ិកស៊ិក «ស្នើ និង​ទាមទារ​ឱ្យ​មាន​ការ​គោរព​ក្នុង​ឋានៈ​ជា​ប្រទេស​ជាតិ​មួយ​មាន​អធិបតេយ្យភាព»៕