ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងថា លោកមានសុទិដ្ឋិនិយមចំពោះជំនួបកំពូលរបស់លោកជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ដែលជាកិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់ការគំរាមកំហែងដោយអំណាចនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោក Trump បានបង្ហោះសារនៅលើ Twitter កាលពីថ្ងៃអាទិត្យថា «យើងទាំងពីររំពឹងថានឹងមានការវិវត្តជាបន្តពីជំនួបកំពូលលើកទីមួយនៅប្រទេសសិង្ហបុរី ដែលនោះគឺការលុបបំបាត់នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េទាំងមូល»។
បន្ទាប់ពីត្រឡប់មកពីជំនួបកំពូលលើកទីមួយកាលពីខែមិថុនាឆ្នាំមុន លោក Trump បាននិយាយអួតថា «ឥឡូវនេះអ្នកទាំងអស់គ្នាអាចរស់នៅមានសុវត្ថិភាព ជាងមុនពេលដែលលោកចូលកាន់តំណែងជាប្រធានាធិបតី។ គ្មានការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើងទៀតទេ»។
ក៏ប៉ុន្តែខណៈលោក Trump នឹងជួបប្រជុំជាមួយនឹងលោក Kim នៅថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម មានភស្តុតាងបង្ហាញថា មានការវិវត្តតិចតួចប៉ុណ្ណោះពីការសន្យារបស់កូរ៉េខាងជើងក្នុងការធ្វើមិនឲ្យមាននុយក្លេអ៊ែរនេះ។
រដ្ឋមន្ត្រីការបរទេសលោក Mike Pompeo បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា «គ្មានការផ្លាស់ប្តូរនៅក្នុងទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់ទៅលើប្រទេសកូរ៉េខាងជើងទេ រហូតទាល់តែមានការព្រមព្រៀងគ្នាដែលអាចផ្ទៀងផ្ទាត់បានក្នុងការលុបបំបាត់នុយក្លេអ៊ែរនេះ»៕