សេតវិមានបានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តួចផ្តើមគំនិតនៃដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី Vladimir Putin បានបញ្ចេញឲ្យដឹងថា លោកបានអញ្ជើញប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោក Putin ក៏បានត្រៀមខ្លួនរួចហើយដើម្បីធ្វើដំណើរទៅកាន់រដ្ឋធានីវ៉ាស៊ីនតោនឆ្នាំក្រោយដើម្បីចូលរួមសន្និសីទកំពូលដែលបានពន្យាពេល។
បន្ទាប់ពីជំនួបកំពូលក្នុងក្រុងហែលស៊ីនគី រវាងមេដឹកនាំទាំង២កាលពីសប្តាហ៍មុនដែលបណ្តាលឲ្យមានការរិះគន់ខាងនយោបាយនៅក្នុងសហរដ្ឋអាមេរិកមក លោក Putin បាននិយាយថា លោកមានផែនការជួបនៅខាងក្រៅសន្និសីទកំពូលនៅក្នុងប្រទេសអាហ្សង់ទីននៅចុងឆ្នាំនេះហើយអាចជួបនៅទីកន្លែងផ្សេងទៀត។
ថ្លែងនៅក្នុងទីក្រុង Johannesburg កាលពីថ្ងៃសុក្រ ប្រធានាធិបតី Putin បានប្រាប់ពួកអ្នកយកព័ត៌មានថា «ខ្ញុំត្រៀមខ្លួនជាស្រេចហើយដើម្បីទៅរដ្ឋធានីវ៉ាស៊ីនតោន»។លោកនិយាយទៀតថា លោកក៏បានអញ្ជើញប្រធានាធិបតីទៅបំពេញទស្សនកិច្ចរដ្ឋធានីមូស្គូផងដែរ។
លោក Puitn បាននិយាយបន្ទាប់ពីសន្និសីទកំពូលរបស់ពួកមេដឹកនាំក្រុម BRICS ដែលមានប្រទេសប្រេហ្ស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងប្រទេសអាហ្វ្រិកខាងត្បូងថា «ប្រធានាធិបតីត្រាំមានបំណងជួបគ្នានៅថ្ងៃអនាគតហើយខ្ញុំក៏បានប្រុងប្រៀបខ្លួនហើយដែរ»។
សេតវិមានបានឆ្លើយតបតាមសេចក្តីថ្លែងការណ៍ថា៖ «ប្រធានាធិបតីត្រាំរំពឹងថានឹងមានជំនួបជាមួយប្រធានាធិបតីរុស្ស៊ី Putin នៅរដ្ឋធានីវ៉ាស៊ីនតោននៅឆ្នាំក្រោយ ហើយលោក ត្រាំ នឹងទៅទស្សនកិច្ចនៅទីក្រុងម៉ូស្គូបន្ទាប់ពីទទួលបានសេចក្តីអញ្ជើញជាផ្លូវការ»៕