កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតបានគំរាមបិទព្រំដែនអាមេរិកនិងម៉ិកស៊ិកទាំងស្រុងនិងកាត់ជំនួយទៅប្រទេសហុងឌូរ៉ាស ក្វាតេម៉ាឡា និងអែលសាល់វ៉ាឌ័រ ប្រសិនបើសភាខកខានមិនបានផ្តល់លុយឲ្យលោកធ្វើជញ្ជាំងព្រំដែន។
ក្នុងសារតាម Twitter ជាបន្តបន្ទាប់ លោក ត្រាំ ក៏បានស្នើសុំឱ្យមានការកែប្រែផ្នែកអន្តោប្រវេសន៍ដែលលោកនិយាយថា ជា«ច្បាប់អន្តោប្រវេសន៍គួរឱ្យអស់សំណើចរបស់ប្រទេសរបស់យើង»។
ការអត្ថាធិប្បាយនេះធ្វើឡើងខណៈពេលការបិទរដ្ឋាភិបាលអាមេរិកមួយផ្នែកបានឈានចូលដល់ថ្ងៃ៧ដោយសារតែភាពជាប់គាំងផ្នែកថវិការវាងលោក ត្រាំ ដែលចង់បានមូលនិធិចំនួន៥ពាន់លានដុល្លារធ្វើជញ្ជាំងព្រំដែននិងសមាជិកសភាគណបក្សប្រជាធិបតេយ្យដែលគាំទ្រការបង្កើនថវិកាសន្តិសុខតាមព្រំដែនជារួម តែប្រឆាំងការធ្វើជញ្ជាំង។
ការបិទព្រំដែនអាមេរិក-ម៉ិកស៊ិកនឹងរំខានទំនាក់ទំនងពាណិជ្ជកម្មមានទឹកប្រាក់១៦៨០លានដុល្លារក្នុងមួយថ្ងៃរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការិយាល័យរបស់តំណាងពាណិជ្ជកម្មអាមេរិក។
អ្នកតស៊ូមតិអន្តោប្រវេសន៍បានហៅការបិទព្រំដែនថា ជារឿង«គួរឱ្យអាម៉ាស់»៕