លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានឃើញផ្ទាល់នឹងភ្នែកជាលើកដំបូងនូវការបំផ្លិចបំផ្លាញដោយព្យុះសង្ឃរានៅកោះ Puerto Rico ហើយបានជួបជាមួយពួកមេដឹកនាំរបស់កោះនោះ រួមមានមេដឹកនាំខ្លះដែលបានស្ថិតនៅក្នុងចំណោមមនុស្សដែលបានរិះគន់យ៉ាងខ្លាំងពីការឆ្លើយតបរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដល់មហន្តរាយនេះ។
លោកប្រធានាធិបតីត្រាំបានថ្លែងនៅពេលដែលលោកបាននិយាយស្វាគមន៍ពួកមន្ត្រីសហព័ន្ធ និងមូលដ្ឋាននៅទីតាំងឆ្មាំការពារទ័ពអាកាស Muniz ថា «ខ្ញុំមិនដែលបានឃើញមនុស្សដែលខិតខំធ្វើការយ៉ាងខ្លាំងដើម្បីជីវិតរបស់ខ្លួនទេ»។
លោកប្រធានាធិបតីដូណាល់ ត្រាំបានប្រើប្រាស់ឱកាសនេះដើម្បីសរសើរការខំប្រឹងប្រែងស្តារកោះនោះឡើងវិញរបស់រដ្ឋាភិបាលសហព័ន្ធ និងកងទ័ពដែលបានទទួលរងការរិះគន់យ៉ាងខ្លាំងចំពោះការឆ្លើយតបយ៉ាងយឺតដើម្បីជួយសង្គ្រោះជីវិតជនរង្គ្រោះដោយសារព្យុះសង្ឃរានៅក្នុងតំបន់ដាច់ស្រយាលនានាដែលបានធ្វើឲ្យគ្មានទឹក និងវត្ថុចាំបាច់ផ្សេងទៀតអស់រយៈពេលជាងមួយសប្តាហ៍។
លោកប្រធានាធិបតីបានមានប្រសាសន៍ទៀតថា ចំនួនមនុស្សស្លាប់នៅលើកោះនោះរហូតមកទល់ពេលនេះគឺចំនួន១៦នាក់ ដោយប្រៀបធៀបមនុស្សជាង១ពាន់៨រយនាក់បានត្រូវសម្លាប់ដោយព្យុះសង្ឃរា Katrina ដែលបានបក់បោកនៅទីក្រុង New Orleans កាលពីឆ្នាំ២០០៥។
លោកប្រធានាធិបតីត្រាំបានចាប់ដៃជាមួយលោកស្រី Yulin Cruz អភិបាលក្រុងខាងគណបក្សប្រជាធិបតេយ្យដែលជាអ្នករិះគន់យ៉ាងខ្លាំងដល់ការឆ្លើយតបរបស់រដ្ឋាភិបាលសហព័ន្ធ ក៏ប៉ុន្តែ លោកប្រធានាធិបតីមិនបាននិយាយរំឭកលោកស្រីនៅពេលដែលលោកប្រធានាធិបតីបានកោតសរសើរលោក Ricardo Rossello អភិបាលកោះ Puerto Rico ហើយនិងមេដឹកនាំផ្សេងទៀតនោះ៕