លោក ត្រាំ និង​លោក អូបាម៉ា ធ្វើ​ការ​ប្រមូល​ផ្តុំ​សាធារណៈ​ព្រម​គ្នា​នៅមុ​ន​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ចំនួន​ពីរ​ថ្ងៃ

អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​មួយ​ដើម្បី​គាំទ្រ​ដល់​បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ និង​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​សាធារណៈ​ព្រម​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ។

ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ និង​អតីត​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ​សាធារណៈ​ព្រម​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​របស់​ពួកគេ​ទាំង​ពីរ​ស្មោះត្រង់​នឹង​គណបក្ស​របស់​ខ្លួន នៅ​ក្នុង​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ។

លោក ត្រាំ មិន​មាន​ឈ្មោះ​ជា​បេក្ខជន​នៅ​លើ​សន្លឹក​ឆ្នោត​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ ប៉ុន្តែ​លោក​តែង​និយាយ​ជារឿយៗ​ថា គោលនយោបាយ​និង​ការ​វាយតម្លៃ​របស់​លោក​ក្នុង​រយៈពេល​២២​ខែ ដែល​លោក​កាន់​តំណែង​នៅ​សេតវិមាន​នេះ​ កំពុង​តែ​ប្រឈម​នឹង​បញ្ហា ខណៈ​ដែល​ពលរដ្ឋ​អាមេរិកាំង​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ទាំង​៤៣៥​នាក់​នៅ​ក្នុង​រដ្ឋសភា និង​ជ្រើសរើស​សមាជិក​មួយ​ភាគ​បី​នៃ​ព្រឹទ្ធសភា​ដែល​មាន​សមាជិក​១០០​នាក់។

សមាជិក​គណបក្ស​សាធារណរដ្ឋ​គ្រប់គ្រង​សេតវិមាន​និង​សភា​ទាំង​ពីរ​ជាន់​ថ្នាក់ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​កំពុង​តែ​ទស្សន៍ទាយ​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​គ្រប់គ្រង​រដ្ឋសភា​បាន ខណៈ​ដែល​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទំនង​ជា​នឹង​រក្សា​សំឡេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា​ជាមួយ​នឹង​លទ្ធផល​យ៉ាង​ប្រកៀកប្រកិត​គឺ​៥១​ទល់​នឹង​៤៩ ដោយ​ប្រហែល​ជា​អាច​កើន​ឡើងមួយ​ឬ​ក៏​ពីរ​អាសនៈ។

សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ការ​អាសនៈ​ចំនួន​២៣​ដើម្បី​ទទួល​បាន​សំឡេង​គាំទ្រ​ភាគច្រើន​នៅ​ក្នុង​រដ្ឋសភា។ គេហទំព័រ​នយោបាយ​អាមេរិក​មួយ​ដែល​មាន​ឈ្មោះ​ថា Real Clear Politics បាន​ទស្សន៍ទាយ​ថា សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នឹង​ឈ្នះ​អាសនៈ​បន្ថែម​ចំនួន​២៦ ខណៈ​ដែល​អ្នក​ស្ទង់​មតិ​មហាជន​ម្នាក់​គឺ​លោក Nate Silver ទស្សន៍ទាយ​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​ទទួល​បាន​អាសនៈ​បន្ថែម​ចំនួន​៣៨៕