ទីភ្នាក់ងារការពារប្រធានាធិបតីរបស់អាមេរិកឬ U.S. Secret Service បានឲ្យដឹងថា ខ្លួនបានរកឃើញកញ្ចប់ពីរដែលសង្ស័យថាអាចជា «គ្រាប់បែក» ដែលកញ្ចប់មួយផ្ញើទៅអាសយដ្ឋានរបស់អតីតប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ហើយមួយទៀតផ្ញើទៅអាសយដ្ឋានអតីតរដ្ឋមន្ត្រីការបរទេសលោកស្រី ហ៊ីលឡារី គ្លីនតុន ដែលចាញ់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៦។
ប៉ុន្មានម៉ោងក្រោយមក អាគារ Time Warner Center នៅទីក្រុង New York កន្លែងដែលបន្ទប់ផ្សាយរបស់បណ្តាញទូរទស្សន៍ CNN ស្ថិតនៅនោះ ត្រូវបានជម្លៀសមនុស្សចេញកាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីគេបានរកឃើញមានកញ្ចប់គួរឲ្យសង្ស័យមួយនៅក្នុងបន្ទប់ទទួលសំបុត្រ។ ឧបករណ៍មួយនៅក្នុងស្រោមសំបុត្រត្រូវបានគេដឹកទៅទីតាំងដាក់រថយន្តធុនធ្ងន់ពិសេសនៅកន្លែងដោះគ្រាប់បែកនៃអាគារប៉ូលិសក្រុងដោយសុវត្ថិភាព។
ក្រុមប៉ូសិសទីក្រុងញូវយ៉កបានថ្លែងថា នោះគឺជាគ្រាប់បែក ហើយកញ្ចប់នោះក៏មានម្សៅពណ៌ ស នៅក្នុងផងដែរ។ អភិបាលក្រុងញូវយ៉កលោក Bill de Blassio ថ្លែងថា អ្វីដែលយើងបានឃើញនៅទីនេះក្នុងថ្ងៃនេះ គឺជាអំពើភេរវកម្មយ៉ាងច្បាស់ណាស់ ហើយលោកបានសង្កត់បញ្ជាក់ថា មិនមានការគំរាមកំហែងផ្សេងទៀតនៅក្នុងទីក្រុងញូវយ៉កនោះទេ។
លោកអភិបាលរដ្ឋញូវយ៉ក Andrew Cuomo បានប្រាប់អ្នកសារព័ត៌មានថា ក៏មានគេផ្ញើគ្រាប់បែកទៅកាន់ការិយាល័យរបស់លោកផងដែរ។
ទូរទស្សន៍ CNN រាយការណ៍ថា កញ្ចប់សំបុត្រដែលផ្ញើទៅកាន់អាសយដ្ឋានរបស់អតីតនាយក CIA លោក John Brennan ដែលរិះគន់លោក ត្រាំ យ៉ាងចាស់ដៃនិងបច្ចុប្បន្នជាអ្នកអត្ថាធិប្បាយលើទូរទស្សន៍ MSNBC ដែលជាបណ្តាញសារព័ត៌មានប្រឆាំងមួយផងដែរ។
ទីភ្នាក់ងារការពារប្រធានាធិបតីបានឲ្យដឹងថា កញ្ចប់សំបុត្រដែលផ្ញើទៅកាន់អាសយដ្ឋានរបស់លោកស្រី គ្លីនតុន ត្រូវបានគេរកឃើញកាលពីល្ងាចថ្ងៃអង្គារ ពេលគេត្រួតពិនិត្យនៅអាគារផ្ញើសំបុត្រមួយនៅក្បែរផ្ទះលោកស្រីនៅជាយក្រុងញូវយ៉ក កន្លែងដែលលោកស្រីរស់នៅជាមួយស្វាមីគឺអតីតប្រធានាធិបតីអាមេរិកលោក Bill Clinton៕