លោក​ត្រាំ​មិន​នៅ​ចាំ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​៥​ប្រទេស រយៈពេល​១២​ថ្ងៃ

  • Steve Herman

រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ

ដំណើរ​ទស្សនកិច្ច​ ៥​ប្រទេស​ រយៈពេល​១២​ថ្ងៃ របស់​លោក​ត្រាំ ពោរពេញ​ដោយ​ពិធី​ទទួល​ស្វាគមន៍​ដ៏​អស្ចារ្យ​ដោយ​មាន​ការ​សម្ដែង​ និង​ការ​ឈរ​ថតរូប​អនុស្សាវរីយ៍​ជុំ​គ្នា ហើយនិង​ការ​ឈរ​ស្រាក់​ដៃ​គ្នា​លើ​ឆាក​ជាមួយ​មេដឹកនាំ​ដទៃ​ទៀត​ជាដើម។

ការ​រៀបចំ មាន​ភាព​រអាក់រអួល​បន្តិចបន្តួច ចំពោះ​អ្វី​មួយ​ដែល​អ្នក​រិះគន់​ខ្លះ បាន​ព្យាករណ៍​ថា នឹង​អាច​ប្រែក្លាយ​ទៅ​ជា​ការ​ធ្លាក់​ចុះ​រាសី ដោយសារ​តែ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ​ និង​យូរ​ពេក សម្រាប់​ប្រធានាធិបតី​វ័យ​ ៧១​ឆ្នាំ​របស់​អាមេរិក ដែល​មិន​ចូលចិត្ត​ឲ្យ​គេ​ប្រាប់​ឲ្យ​ធ្វើ​អញ្ចេះ​ ឬ​ធ្វើ​អញ្ចុះ​នៅ​លើ​ឆាក។

Your browser doesn’t support HTML5

លោក ត្រាំ មិន​នៅ​ចាំ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ក្រោយ​បញ្ចប់​ទស្សនកិច្ច​៥​ប្រទេស រយៈពេល​១២​ថ្ងៃ

​ប៉ុន្តែ​ សំណួរ​ដែល​សំខាន់​ជាង​នេះ គឺ​ថា​តើ​ប្រធានាធិបតី​អាមេរិក សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ?

ដោយ​មិន​ផ្ដល់​សេចក្ដី​លម្អិត​ច្រើន ក្រៅ​ពី​ការ​អះអាង​ថា មាន​ការ​ព្រមព្រៀង​ផ្នែក​ពាណិជ្ជកម្មដែល​មាន​ទឹកប្រាក់​រាប់​រយ​ពាន់​លាន​ដុល្លារ​នោះ លោក​ប្រធានាធិបតី ត្រាំ មិន​បាន​សម្ដែង​មន្ទិល​អ្វី​ឡើយ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នេះ ដោយ​បាន​ហៅ​វា​ថា​ជា​‍»ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​មហា​ជោគជ័យ​មួយ»។

លោក​ត្រាំ​បាន​មាន​ប្រសាសន៍​ថា៖

«‍ខ្ញុំ​គិត​ថា​ លទ្ធផល​នៃ​ការងារ​របស់​យើង មាន​លក្ខណៈ​អស្ចារ្យ​ណាស់ មិន​ថាផ្នែក​សន្តិសុខ​ជាតិ​របស់​យើង ឬ​សន្តិសុខ​ពិភពលោក ឬក៏​ផ្នែក​ពាណិជ្ជកម្ម​នោះ​ទេ។ ហើយ​ការណ៍​នេះ ពាក់​ព័ន្ធ​នឹង​ចំនួន​ប្រាក់​យ៉ាង​ច្រើន»។

លោក​ប្រធានាធិបតី​អាមេរិក​ ថ្លែង​ថា សេចក្ដី​ពិស្ដារ​បន្ថែម​ទៀត នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ពុធ​ឬ​ថ្ងៃ​ព្រហស្បតិ៍ នៅ​សេតវិមាន។

ក្នុង​ដំណើរ​ទស្សនកិច្ចទៅ​កាន់​តំបន់​អាស៊ី​នេះ លោក ត្រាំ បានបញ្ជាក់​សារ​ជាថ្មី​ថា​ រដ្ឋការ​របស់​លោក ទាត់ចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពហុជាតិ ដូចជា​ កិច្ច​ព្រមព្រៀង​TPP ហើយ​ចាប់​យក​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​មួយ​ទល់​មួយ​វិញ។

​លោក​ត្រាំ​បាន​និយាយ​ថា៖

«‍យើង​បាន​ពន្យល់​ហើយ​ថា សហរដ្ឋអាមេរិក បើក​ចំហ​ពាណិជ្ជកម្ម ប៉ុន្តែ យើង​ចង់​បាន​ពាណិជ្ជកម្ម​ទៅវិញ​ទៅ​មក។ យើង​ចង់​បាន​ពាណិជ្ជកម្ម ​ដែល​យុត្តិធម៌​សម្រាប់​សហរដ្ឋ​អាមេរិក ពីព្រោះ​ថា នៅ​ក្នុង​រដ្ឋបាល​មុន ដូច​ខ្ញុំ​បាន​និយាយ​នៅ​ប្រទេស​ចិន និង​និយាយ​យ៉ាង​ច្បាស់​ហើយ​ថា សហរដ្ឋ​អាមេរិក ត្រូវ​បាន​គេ​កេង​ចំណេញលើ។ សហរដ្ឋ​អាមេរិក​ ជា​អ្នក​ផ្ដល់​ប្រយោជន៍​ឲ្យគេ ដោយ​មិន​បាន​ទទួល​អ្វី​មក​វិញ​ទេ»។

លោក​ប្រធានាធិបតី​ ត្រាំ ក៏​បាន​បង្ហាញ​ថា ក្រោយ​ពី​មាន​ការ​តម្រង់​ទិស​ទៅ​អាស៊ី​ដោយ​រដ្ឋបាល​លោក​អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា លោក​ត្រាំ ក៏​មាន​ឆន្ទៈ​ចាក់គ្រឹះ​នៅ​ក្នុង​តំបន់​នេះ ដើម្បី​ធានា​ជាថ្មី​ទៀត​ចំពោះ​សម្ព័ន្ធមិត្ត​របស់​អាមេរិក និង​ផ្ដល់​សញ្ញា​ដល់​បច្ចាមិត្ត​នានា​ថា រដ្ឋបាល​របស់​លោក ក៏​ប្ដេជ្ញា​ចិត្ត​គាំទ្រ​តំបន់ ​ដែល​ឥឡូវ​លោក​ហៅ​ថា​ តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក៕

ប្រែ​សម្រួល​ដោយ សាយ មុន្នី