នៅនាទីចុងក្រោយ ប្រធានាធិបតីស.រ.អា. Donald Trump មិនបានចូលរួមក្នុងការប្រជុំពេញអង្គនៃសន្និសីទកំពូលអាស៊ីខាងកើតដែលមានប្រទេស១៨ចូលរួមទេដោយមានពិធីផ្សេងៗប្រព្រឹត្តទៅក្រោយពេលកំណត់។
លោក Trump បានឡើងជិះយន្តហោះ Air Force One ដើម្បីចាកចេញពីប្រទេសហ្វីលីពីន។ យន្តហោះនេះបានហោះចេញពីចំណតយន្តហោះអន្តរជាតិ Ninoy Aquino នៅរសៀលថ្ងៃអង្គារគឺជាង៣០នាទីមុនការគ្រោងទុកជាមុន។
លោករដ្ឋមន្ត្រីការបរទេសស.រ.អា. Rex Tillerson បានតំណាងលោកប្រធានាធិបតី Trump នៅក្នុងសម័យប្រជុំសន្និសីទកំពូលនេះ។
ពួកមន្ត្រីសេតវិមានបានពន្យល់ថាលោក ប្រធានាធិបតី Trump បាននិយាយរួចហើយអំពីអ្វីដែលគាត់ចង់និយាយនៅក្នុងសន្និសីទកំពូលនេះនៅក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់កាលពីពេលមុននោះជាមួយពួកមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាសមាគមអាស៊ាន។
ហេតុផលធំមួយដែលមានការបន្ថែមពេលមួយថ្ងៃទៀតនៅក្នុងប្រទេសហ្វីលីពីននៅក្នុងកាលវិភាគរបស់លោក Trump គឺដើម្បីអនុញ្ញាតឱ្យគាត់ចូលរួមក្នុងសន្និសីទកំពូលអាស៊ីខាងកើតដែលជាការសន្ទនាខាងយុទ្ធសាស្ត្រសំខាន់មួយ
ក្នុងតំបន់។
លោកប្រធានាធិបតី Trump បានបញ្ចប់ទស្សនកិច្ច១២ថ្ងៃរបស់គាត់ក្នុងប្រទេស៥ក្នុងទ្វីបអាស៊ីដោយគ្មានការប្រកាសធំដុំអំពីគោលនយោបាយទេ ក៏ប៉ុន្តែគាត់បានប្រកាសថា ការធ្វើដំណើរនេះជា «ការធ្វើដំណើរមួយមានជោគជ័យអស្ចារ្យ» ដោយកត់សម្គាល់ថា «ខ្ញុំមានមិត្តភក្តិច្រើននៅកម្រិតខ្ពស់បំផុត»៕