សេចក្តីសម្រេចចិត្តភ្លាមៗរបស់ប្រធានាធិបតីស.រ.អា. Donald Trump ក្នុងការជួបជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un ដោយមិនបានរៀបចំផែនការជាមុនអំពីកិច្ចព្រមព្រៀងបរមាណូ អាចនាំឱ្យមានកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ។ ក៏ប៉ុន្តែវាអាចមានបាននៅពេលចាប់ផ្តើមដំណើរការចរចាដ៏យូរមួយ។
ចំណង់របស់លោក Kim Jong Un ក្នុងការធ្វើកិច្ចចរចាអំពីការបញ្ឈប់កម្មវិធីអាវុធបរមាណូរបស់ប្រទេសលោកបានត្រូវបញ្ចូនទៅលោក Chung Eui-yong ប្រធានសន្តិសុខជាតិកូរ៉េខាងត្បូងដែលបានជួបជាមួយមេដឹកនាំកូរ៉េខាងជើងកាលពីពេលថ្មីៗនេះនៅក្នុងក្រុង Pyongyang។ នៅពេលបន្ទាប់មក លោក Chung បាននិយាយប្រាប់លោកប្រធានាធិបតី Trump ថាលោក Kim Jong Un «បាននិយាយថាលោកប្តេជ្ញាដល់ការធ្វើមិនឱ្យមានអាវុធបរមាណូ» នៅពេលលោក Chung ធ្វើដំណើរមកកាន់រដ្ឋធានី Washington ដើម្បីនិយាយត្រួសៗប្រាប់ពួកមន្ត្រីខាងសន្តិសុខនៅឯសេតវិមាន។
ការប្តេជ្ញារបស់លោក Kim Jong Un ក្នុងការធ្វើមិនឱ្យមានអាវុធបរមាណូបានក្លាយទៅជាមូលដ្ឋានសម្រាប់ជំនួបកំពូលរវាងលោក Kim Jong Un និងលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ដែលនឹងមានធ្វើក្នុងខែមេសានិងជំនួបជាមួយលោកប្រធានាធិបតីស.រ.អា. Donald Trump នៅខែឧសភា។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ពួកមេដឹកនាំនៅក្នុងក្រុង Pyongyang ប្រើពាក្យពេចន៍មួយសម្រាប់សម្គាល់ការធ្វើមិនឱ្យមានអាវុធបរមាណូដែលមានន័យច្រើនយ៉ាង៕