ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសថា លោកទំនងធ្វើសុន្ទរកថាទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោកនៅឯសេតវិមាន ឬក៏នៅចម្ងាយ១១៥គីឡូម៉ែត្រនៅភាគខាងជើងនៅសមរភូមិសង្គ្រាមស៊ីវិលក្នុងទីក្រុង Gettysburg រដ្ឋ Pennsylvania។
នៅពេលដែលត្រូវបានសួរដោយអ្នកយកព័ត៌មានម្នាក់នៅឯសន្និសីទកាសែតកាលពីថ្ងៃចន្ទម្សិលមិញថាតើហេតុអ្វីបានជាលោកពិចារណាទីក្រុង Gettysburg ដែលលោកប្រធានាធិបតីត្រាំ បាននិយាយថា លោកបានទៅទស្សនាទីកន្លែងនោះជាច្រើនលើក លោកប្រធានាធិបតីបានឆ្លើយថា «ដោយសារប្រវត្តិសាស្ត្រនៃទីក្រុងនេះ។ កន្លែងនេះអស្ចារ្យណាស់ចំពោះខ្ញុំ។ វាជាទីកន្លែងដ៏មានសារៈសំខាន់ណាស់ ហើយជាទីកន្លែងដ៏មានសារៈសំខាន់ណាស់ក្នុងប្រទេសរបស់យើង»។
ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតីត្រាំនិយាយថា ទីកន្លែងនៅសេតវិមាន មានភាពងាយស្រួលកាន់តែខ្លាំងឡើងចំពោះសោហ៊ុយ និងសន្តិសុខ។
លោកប្រធានាធិបតីមិនបាននិយាយឱ្យច្បាស់លាស់ថាតើលោកនឹងមានគម្រោងអញ្ជើញភ្ញៀវឱ្យចូលរួមក្នុងពិធីនោះ ឬក៏អត់ទេ ក៏ប៉ុន្តែបាននិយាយថា «មានកន្លែងដ៏ច្រើននៅទីកន្លែងទាំង២នេះ»។
លោកប្រធានាធិបតីត្រាំបាននិយាយបន្តទៀតថា លោកក៏កំពុងពិចារណាអំពីទីកន្លែងផ្សេងដែរ។
សុន្ទរកថាទទួលការតែងតាំងនោះ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះ។ ពិធីនោះកាលពីដំបូងត្រូវធ្វើនៅក្នុងទីក្រុងCharlotte រដ្ឋ North Carolina បន្ទាប់មកបានប្តូរទៅទីក្រុង Jacksonville រដ្ឋ Florida។ ក៏ប៉ុន្តែ ទីក្រុងទាំង២ ឥឡូវនេះបានហាមមិនឱ្យធ្វើកម្មវិធីនយោបាយយ៉ាងធំបែបនេះដោយសារការរាតត្បាតនៃវីរ៉ុសកូរ៉ូណា។
ពួកគណបក្សប្រជាធិបតេយ្យក៏បានកាត់បន្ថយសន្និបាតគណបក្សខ្លួននៅសប្តាហ៍ក្រោយនៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ដែរ។ លោក Joe Biden អតីតអនុប្រធាធិបតី បានប្រកាសថា លោកនឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Milwaukeeទេ ហើយនឹងធ្វើសុន្ទរកថាទទួលយកការតែងតាំងជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឯរដ្ឋ Delaware ដែលជារដ្ឋកំណើតរបស់លោក៕