ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ទទួល​យក​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តាម​អនឡាញ​ពី​រដ្ឋ Delaware


រូបឯកសារ៖ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នៅទីក្រុង Philadelphia រដ្ឋ Pennsylvania កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០។

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​សម្រេច​ថា​នឹង​មិន​ធ្វើ​ដំណើរទៅ​កាន់​ទីក្រុង Milwaukee រដ្ឋ Wisconsin ដើម្បី​ទទួល​យក​ការ​តែងតាំង​ផ្លូវការ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឯ​សន្និបាត​ជាតិ​របស់​គណបក្ស​ នៅ​ថ្ងៃ​ទី ២០ ខែ​សីហា​ខាង​មុខ​នេះ​ទេ ដោយសារ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ស្ថានភាព «កាន់តែ​អាក្រក់​ជាង​មុន» នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​រៀបចំ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​ថា គ្មាន​អ្នក​ថ្លែង​សុន្ទរកថា​ណា​ម្នាក់​ដែល​គ្រោង​ថ្លែង​នៅ​ឯ​សន្និបាត​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Wisconsin នោះ​ឡើយ ដោយ​ហេតុ​ថា​ដើម្បី «ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈម​ផ្នែក​សុខភាព​ចំពោះ​សហគមន៍​ដែល​រៀបចំ​សន្និបាត​នេះ ក៏​ដូចជា​ក្រុម​ផលិតកម្ម​របស់​សន្និបាត មន្ត្រី​សន្តិសុខ ដៃគូ​សហគមន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​ដទៃ​ផ្សេង​ទៀត»។

ជា​ទូទៅ មនុស្ស​ប្រហែល ៥ ម៉ឺន​នាក់ តាំងពី​គណៈប្រតិភូ អ្នក​ធ្វើ​ការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​នឹង​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​រយៈពេល ៤ ថ្ងៃ ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១៧ ខែ​សីហា​ខាង​មុខ​នេះ។

ឥឡូវ​នេះ ភាគ​ច្រើន​នៃ​សន្និបាត​នេះ​នឹង​ធ្វើ​ឡើង​តាម​អនឡាញ ដែល​ទំនងជា​នឹង​ធ្វើ​ឡើង​ពី​ទីក្រុង​មួយ​ចំនួន។

អ្នក​រៀបចំ​សន្និបាត​នេះ​បាន​បញ្ជាក់​ថា លោក Biden នឹង​ថ្លែង​សុន្ទរកថា​ទទួល​យក​ជា​ផ្លូវការ​នូវ​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី ២០ ខែ​សីហា​ខាង​មុខ​នេះ ចេញ​ពី​រដ្ឋ Dalaware ដែល​ជា​រដ្ឋ​កំណើត​របស់​លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG