នៅក្នុងអ្វីដែលទំនងជាសេចក្តីសម្រេចមានផលវិបាកខ្លាំងបំផុតក្នុងតំណែងប្រធានាធិបតីរបស់លោក លោកប្រធានាធិបតី Donald Trump បានជ្រើសរើសលោក Brett Kavanaugh ជាឥស្សរជនដែលលោកស្នើឈ្មោះសម្រាប់ជំនួសលោក Anthony Kennedy ចៅក្រមតុលាការកំពូលដែលចូលនិវត្តន៍។
លោកប្រធានាធិបតីបាននិយាយអំពីលោក Kavanaugh នៅក្នុងសេចក្តីប្រកាសកាលពីយប់ថ្ងៃចន្ទតាមទូរទស្សន៍ពីបន្ទប់ខាងកើតនៃសេតវិមានថា «គ្មាននរណាម្នាក់ក្នុងប្រទេសអាមេរិកមានគុណវុឌ្ឍ ឬសក្តិសមជាងលោក Kavanaugh សម្រាប់តំណែងនេះទេ»។ លោកបានហៅលោក Kavanaugh ថាជា «អ្នកច្បាប់» ចំណានម្នាក់ដែលបាន «លះបង់ជីវិតរបស់លោកសម្រាប់សេវាសាធារណៈ»។
លោក Kavanaugh ដែលជាចៅក្រមសហព័ន្ធអភិរក្សនិយមអាយុ៥៣ឆ្នាំក្នុងរយៈពេល១២ឆ្នាំកន្លងមកនេះ មិនមែនជាជនចំឡែកក្នុងវិស័យនយោបាយ និងរឿងចម្រូងចម្រាសនៃអង្គការនីតិប្រតិបត្តិទេ។
នៅមុនពេលលោកកាន់តំណែងជាចៅក្រម លោកបានមើលការខុសត្រូវលើការស៊ើបអង្កេតមួយអំពីមរណភាពនៃអនុទីប្រឹក្សាច្បាប់របស់លោកប្រធានាធិបតី Bill Clinton។ មានការសម្រេចថាមរណភាពនេះជាអត្តឃាត ក៏ប៉ុន្តែពួកអ្នកទ្រឹស្តីខាងការរួមគំនិតប្រព្រឹត្តអំពើទុច្ចរិតមានភាពមិនប្រាកដប្រជាទេ។ លោក Kavanaugh ក៏បានធ្វើកិច្ចការដំបូងដែលនាំឱ្យមានការចោទប្រកាន់លោក Clinton ថាលោកមានទាក់ទិននឹងស្នេហាលួចលាក់ជាមួយនារីម្នាក់ដែលហាត់ធ្វើការងារក្នុងសេតវិមាន៕