ប្រធានាធិបតីអាមេរិកលោក Donald Trump និងលោក Mitt Romney អតីតបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ ដែលបានចាញ់កាលពីពេលបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១២កំពុងឌឺដងសម្តីដាក់គ្នា គ្រាដែលលោក Romney រៀបនឹងចូលកាន់កាប់អាសនៈជាសមាជិកព្រឹទ្ធសភានៅថ្ងៃព្រហស្បតិ៍នេះ។
កាសែត Washington Post បានចុះផ្សាយថា លោក Romneyបានធ្វើការប្រកាសកាលពីថ្ងៃពុធថា លោក Trump មិនបានធ្វើឲ្យមានការរីកចម្រើនទេ នៅអំឡុងពីរឆ្នាំនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោក។
លោក Trump គឺជាមនុស្សដែលមិនដែលអត់អោនចំពោះការរិះគន់ប្រឆាំងនឹងលោកម្តងណានោះទេ។ គ្រាន់តែប៉ុន្មានម៉ោងបន្ទាប់ពីអត្ថបទរិះគន់នេះត្រូវបានផ្សព្វផ្សាយ លោក Trump បានឆ្លើយតបវិញភ្លាមៗថា «នេះគឺលោក Mitt Romney ប៉ុន្តែវាហាក់ដូចជាលឿនពេកហើយ។ តើនេះជាលោក Flake ឬ? ខ្ញុំសង្ឃឹមថា លោកមិនមែនជាលោក Flake ទេ»។
សាររបស់លោក Trumpគឺសំដៅទៅដល់លោក Jeff Flake សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Arizona ដែលបានសម្រេចចិត្តមិនឈរឈ្មោះបោះឆ្នោតម្តងទៀតកាលពីពេលបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំមុន។ លោក Trump បានបន្ថែមទៀតថា «ខ្ញុំចង់ឲ្យលោក Mittផ្តោតលើបញ្ហាសន្តិសុខនៅតាមព្រំដែន និងការងារផ្សេងៗទៀតដែលលោកអាចជួយបាន។ ខ្ញុំបានទទួលជោគជ័យលើបញ្ហាធំៗ ប៉ុន្តែលោកមិនបានសម្រេចការងារអ្វីទេ។ លោកគួរតែរីករាយចំពោះគណបក្សសាធារណរដ្ឋ»៕