លោក Trump៖ ក្រុម​ជនចំណាក​ស្រុកត្រាច់ចរថ្មី​ប្រមូល​គ្នា​ចាកចេញ​ពី​ហុងឌុយរ៉ាស់​មក​សហរដ្ឋអាមេរិក

រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump

លោក Trump បាន​បង្ហោះសារ​នៅលើ Twitterថា «ក្រុមជនចំណាកស្រុក​ត្រាច់ចរ​ថ្មី​មួយ​ក្រុម​ធំ​កំពុង​ធ្វើ​ដំណើរ​ពី​ហុងឌុយរ៉ាស់​ឆ្ពោះ​មក​ព្រំដែន​ភាគខាងត្បូង​របស់​យើង»។

ប្រធានាធិបតីអាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃអង្គារ​បាន​ប្រកាស​ថា​ ក្រុមជនចំណាកស្រុក​ដើរត្រាច់ចរ​ថ្មី​មួយ​ក្រុម​កំពុង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​ហុងឌុយរ៉ាស់​ ដែល​ការលើកឡើង​នេះ​ជា​មូលហេតុ​សមរម្យ​មួយ​សម្រាប់ ឲ្យ​លោក​ទាមទារ​សង់ជញ្ជាំង​ទល់ដែន​អាមេរិក-ម៉ិកស៊ិក​ ដើម្បី​ទប់ស្កាត់​ពួកជនចំណាកស្រុក​ទាំងនោះ​មិន​ឲ្យ​ចូល​មក​សហរដ្ឋអាមេរិក។

លោក Trump បាន​បង្ហោះសារ​នៅលើ Twitter ថា «ក្រុមជនចំណាកស្រុក​ត្រាច់ចរ​ថ្មី​មួយ​ក្រុម​ធំ​កំពុង​ធ្វើ​ដំណើរ​ពី​ហុងឌុយរ៉ាស់​ឆ្ពោះ​មក​ព្រំដែន​ភាគខាងត្បូង​របស់​យើង»។ លោក​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ប្រាប់​លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្រ្ត​និង​លោក Chuck Schumerមេដឹកនាំ​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​មេដឹកនាំ​កំពូល​ខាង​គណបក្សប្រជាធិបតេយ្យ​ជា​អ្នកដែល​ប្រឆាំង​នឹង​ការទាមទារ​សង់​ជញ្ជាំងព្រំដែន​របស់​លោក។ លោក Trump បាន​ថ្លែង​ថា «ឧបករណ៍​ដ្រូន​ទាំងនោះ​មិន​បាន​ជួយ​បញ្ឈប់​ពួកជនចំណាក​ស្រុក​ទាំង​នោះ​ទេ។ មាន​តែ​ជញ្ជាំង​ប៉ុណ្ណោះ​អាច​បញ្ឈប់​ពួកគេបាន។ មាន​តែ​ជញ្ជាំង​ឬរបាំង​ព្រំដែន​ប៉ុណ្ណោះ​ដែល​នឹង​ជួយ​រក្សា​សុវត្ថិភាព​ដល់​ប្រទេស​យើង»។

លោក​បាន​ប្រាប់​លោកស្រី Pelosi និង​លោក Schumerឲ្យ​ឈប់​លេងល្បែង​នយោបាយ និង​បញ្ចប់​ការ​បិទទ្វារ​រដ្ឋាភិបាល។ ការបិទទ្វារ​ផ្នែកខ្លះ​នៃ​រដ្ឋាភិបាល​ដែល​បាន​ឈាន​ដល់​ថ្ងៃទី២៥ បង្ក​ឡើង​ដោយ​ការមិនព្រមព្រៀង​គ្នា​លើ​សំណើរ​ថវិកា​សង់​ជញ្ជាំង​ព្រំដែន​ចំនួន៥ពាន់លានដុល្លារ​របស់លោក Trump ខណៈ​គណបក្សប្រជាធិបតេយ្យ​យល់ព្រម​ផ្តល់​ថវិកាចំនួន១ពាន់៣រយលានដុល្លារ​សម្រាប់​បង្កើន​សន្តិសុខ​ព្រំដែន៕