លោកប្រធានាធិបតីអាមេរិក Donald Trump ថ្លែងថា មានសេចក្តីត្រូវការបញ្ជូនទ័ពថែមទៀតទៅកាន់ទល់ដែនសហរដ្ឋអាមេរិក នៅភាគខាងត្បូង ជាប់ជាមួយប្រទេសម៉ិកស៊ិក ពីព្រោះមនុស្សដែលបង្កឲ្យមានគ្រោះថ្នាក់ជាច្រើន កំពុងឆ្លងចូលមកស.រ.អាដោយខុសច្បាប់។
«ខ្ញុំនឹងត្រូវតែបញ្ជូនទ័ពថែមទៀត។ កុំភ្លេចថា យោធារបស់យើងមិនអាចធ្វើសកម្មភាពយោធាទេ។ ពីព្រោះបើសិនជាពួកគេធ្វើអ្វីខ្លាំងបន្តិច ម្នាក់ៗច្បាស់ជានឹងស្រែកជាមិនខាន»។
នេះជាសម្តីរបស់លោក Trump នៅរដ្ឋតិចសាស ទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងអំឡុងកិច្ចប្រជុំមួយជាមួយអ្នកចម្ការ ដែលរអ៊ូរទាំប្រាប់លោកអំពីការគំរាមកំហែងមិនឈប់ឈរពីសំណាក់ពួកអ្នករត់ចូលដីធ្លីរបស់ពួកគេ។
អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ William Perry នៅក្រោមរដ្ឋបាលលោកប្រធានាធិបតី Bill Clinton ក្នុងអំឡុងទសវត្ស ១៩៩០ បានច្រានចោលការចង់ប្រើកម្លាំងរបស់លោកប្រធានាធិបតី Trump ។
នៅពេលដែលពួកអ្នកយកព័ត៌មានសួរអំពីលទ្ធភាពនៃការដាក់ទ័ពសម្រាប់រយៈពេលច្រើនឆ្នាំនៅតាមទល់ដែន លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសស្តីទី Pat Shanahan ថ្លែងថា លោកបានពិភាក្សាយ៉ាងយូរអំពីរឿងនេះជាមួយក្រុមនាយអគ្គសេនាធិការចម្រុះ ហើយរំពឹងថា នឹងមានសំណើសុំជំនួយម្តងទៀតនៅពេលឆាប់ៗខាងមុខ៕