លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានធ្វើការតាំងចិត្តដ៏មុតមាំដើម្បីធ្វើការទៅតាមលទ្ធភាពដែលអាចធ្វើបានដើម្បីព្យាយាមយកចំណាប់ខ្មាំងជាជនជាតិអាមេរិកាំងនិងជប៉ុនពីប្រទេសកូរ៉េខាងជើងមកវិញ នេះតាមការបញ្ជាក់របស់លោក William Hagerty ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Hagerty នៅក្នុងការថ្លែងត្រួសៗតាមទូរសព្ទដែលបានកើតមានឡើងបន្ទាប់ពីជំនួបរវាងប្រធានាធិបតីត្រាំនិងនាយករដ្ឋមន្រ្តីជប៉ុនShinzo Abe នៅឯវិមាន Mar-a-Lago របស់លោកត្រាំក្នុងរដ្ឋ Florida កាលពីពុធថា «នេះជាបញ្ហារសើបបំផុតសម្រាប់យើងនិងជាអាទិភាពខ្ពស់បំផុតមួយសម្រាប់មេដឹកនាំទាំង២ដែលត្រូវបានគ្របដណ្តប់យ៉ាងខ្លាំងនៅក្នុងជំនួបនោះ»។
លោកនាយករដ្ឋមន្រ្តីជប៉ុន អាបេ បានសន្យាលើកឡើងនូវបញ្ហាពលរដ្ឋជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយរដ្ឋាភិបាលក្រុងព្យូងយ៉ាងកាលពីប៉ុន្មានទសវត្សរ៍មុនក្នុងអំឡុងនៃជំនួបមួយដែលបានគ្រោងធ្វើឡើងរបស់ប្រធានាធិបតីត្រាំជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន។ ប្រធានាធិបតីត្រាំបានជួបជាមួយក្រុមគ្រួសាររបស់អ្នកដែលត្រូវគេចាប់ពង្រត់នៅក្នុងប្រទេសជប៉ុនកាលពីខែវិច្ឆិកាឆ្នាំទៅក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក។
ជនជាតិអាមេរិកាំងដើមកំណើតកូរ៉េ៣នាក់បច្ចុប្បន្ននេះបានស្ថិតនៅគុកប្រទេសកូរ៉េខាងជើង។ លោក Tony Kim និងលោក Kim Hak Song បានបង្រៀននៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក្នុងក្រុងព្យុងយ៉ាង ដែលជាសាកលវិទ្យាល័យឯកជនមួយនៅក្នុងប្រទេសនោះ។ ពួកគេបានត្រូវគេឃុំខ្លួនដាច់ពីគ្នានៅឆ្នាំ២០១៧ហើយបានរងការចោទប្រកាន់ពីការធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋដើម្បីផ្តួលរំលំរដ្ឋាភិបាល។
លោក Kim Dong Chul ជាអ្នកជាប់ឃុំទី៣ បានត្រូវចាប់ខ្លួននៅក្នុងទីក្រុង Rason នៅចុងភាគឦសាន្តនៃកូរ៉េខាងជើងកាលពីខែតុលា ឆ្នាំ២០១៥។ លោកបានត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១០ឆ្នាំដោយធ្វើការជាទម្ងន់នៅឆ្នាំ២០១៦បន្ទាប់ពីរងការចោទប្រកាន់ពីចារបុរស៕