ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែចំអកដល់ការបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ ដែលបានជ្រើសរើសយកលោក Tom Perez អតីតរដ្ឋមន្ត្រីក្រសួងការងារឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរបស់ពួកគេ ខណៈដែលគណបក្សនេះព្យាយាមបង្រួបបង្រួមគ្នាឡើងវិញ ក្រោយពីខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីចាញ់ឆ្នោតទៅលោក ត្រាំ កាលពីខែវិច្ឆិកា។
នៅក្នុងប្រអប់បញ្ចេញមតិលើគណនី Twitter របស់ខ្លួន លោក ត្រាំ ខាងគណបក្សសាធារណរដ្ឋបានមានប្រសាសន៍ថា លោក«មិនមានអ្វីសប្បាយចិត្តជាងនេះទៀតទេ»សម្រាប់លោក Perez ឬ «សម្រាប់គណបក្សសាធារណរដ្ឋនោះ»។
លោក ត្រាំ បានប្រៀបធៀបការប្រកួតប្រជែងកាលពីថ្ងៃសៅរ៍ទៅនឹងការប្រកួតប្រជែងកាលពីឆ្នាំមុន ដើម្បីធ្វើជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ដែលនៅទីបំផុតលោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកអាចយកឈ្នះលើលោក Bernie Sanders សមាជិកព្រឹទ្ធសភារដ្ឋ Vermont ដែលជាការពេញចិត្តរបស់គណបក្សប្រជាធិបតេយ្យដែលនិយមទៅលើការធ្វើកំណែទម្រង់ ប៉ុន្តែនៅទីបំផុតនៅតែចាញ់លោក ត្រាំ ដដែល។
លោក ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «លោកស្រី Clinton ចង់បានលោក Perez» ខណៈដែលបេក្ខជនដែលគាំទ្រលោក Bernie ក៏ដូចជាលោក Bernie ខ្លួនឯង មិនដែលមានឱកាសម្តងណាឡើយ»។
លោក Perez ដែលទទួលបានការគាំទ្រពីអតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា ដែលធ្លាប់បម្រើការក្នុងរដ្ឋបាលរបស់លោក បានឈ្នះនៅក្នុងការប្រជែងក្នុងគណបក្សប្រជាធិបតេយ្យលើលោក Keith Ellison សមាជិកសភារដ្ឋ Minnesota ដោយទទួលបានសំឡេងគាំទ្រ ២៣៥ទល់នឹង ២០០៕