ប្រធានា​ធិបតី​ ត្រាំ ​ជួប​ប្រធានា​ធិបតី​បារាំង​​លោក​​​ម៉ាក្រុង​​បន្ទាប់​ពីសារ​ទ្រគោះ​បក់​បោក​តាម​ប្រព័ន្ធ​ Twitter

ប្រធានធិបតី​ ត្រាំ និង​ប្រធានាធិបតី ម៉ាក្រុង នៅ​វិមាន​អេលីហ្សេ ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង កាល​ពី​ថ្ងៃទី​១១ វិច្ឆិកា។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ និង​ប្រធានា​ធិបតី​បារាំង​ ​បាន​ពិភាក្សា​ការ​ខ្វែង​គំនិត​របស់​អស់​លោក​អំពី​សន្តិសុខ​នៅ​តំបន់​អឺរ៉ុប​កាល​ពី​ថ្ងៃ​សៅរ៍​ ពេល​ព្រឹក​បន្ទាប់​ពី​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​អញ្ជើញ​ទៅ​ដល់​ទីក្រុង​ប៉ារីស​ហើយ​បាន​រិះគន់​ភ្លាមៗ​ដល់​ម្ចាស់​ផ្ទះ​របស់​លោក។

​នៅ​ពេល​ដែល​ពួក​អស់​លោក ​បាន​ចាប់​ផ្តើម​ជំនួប​នៅវិមាន​ប្រធានា​ធិបតី​អេលីហ្សេ ​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ជាថ្មី​ម្តង​ទៀត ​បាន​អំពាវនាវ​ឲ្យ​មាន​ការចែក​រំលែក​ការ​ចំណាយ​សម្រាប់​ការពារ​តំបន់​អឺរ៉ុប​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។​ លោក​ប្រធានា​ធិបតី​ត្រាំ​មាន​ប្រសាសន៍​ថា៖ «យើង​ចង់​បាន​អឺរ៉ុប​ខ្លាំង​មួយ»។

ប្រធានា​ធិបតី​បារាំង​លោក​ Emmanuel Macron ​បាន​ឆ្លើយ​តប​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ​យើង​ត្រូវ​ការ​អឺរ៉ុប​ដែល​មាន​សមត្ថភាពនិង​វិស័យ​ការ​ពារ​ប្រទេស​កាន់​តែខ្លាំងឡើង»។

ក៏ប៉ុន្តែ ​មេដឹក​នាំ​ទាំង​២ ​យ៉ាង​ហោច​ណាស់​បាន​បញ្ចៀស​ការ​រិះ​គន់​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ខណៈ​ពេល​ដែល​ជួប​ជាមយ​អ្នកយក​ព័ត៌មាន​នៅ​ក្នុង​បន្ទប់។

នៅ​ពេល​ដែល​យន្តហោះ​ពិសេស​ Air Force One​ របស់​ប្រធានា​ធិបតី​អាមេរិក​ ​បាន​ទៅ​ដល់​ចំណត​អាកាសយាន្ត ​Orly​ កាល​ពី​យប់​ថ្ងៃ​សុក្រ​ ប្រធានា​ធិបតី​ត្រាំ ​បាន​ផ្ញើរ​សាររិះ​គន់មួយ​ដល់​ប្រធានា​ធិបតី​បារាំង​លោក ​ម៉ាក្រុង​ ចំពោះ​ការ​អំពាវ​នាវ​របស់​លោក​ឲ្យ​មាន​យោធា​អឺរ៉ុប​មួយ​ដែល​ប្រធានា​ធិបតី​ត្រាំ​ថា ​«ជា​ការ​ប្រមាថ​មើល​ងាយ​យ៉ាង​ខ្លាំង»។

នៅ​ក្នុង​សារ​តាម​ប្រព័ន្ធ​ Twitter​ មួយ ​ប្រធានា​ធិបតី​ ត្រាំ ​បាន​ស្នើ​ឲ្យ​អឺរ៉ុប​បង់​ប្រាក់​ចំណែក​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​អង្គការ​អូតង់​មុន​ពេល​គិត​ពីកង​កម្លាំង​អឺរ៉ុប​ដ៏​ធំមួយ​នោះ៕