ក្រោយពីបានទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីបានបង្ហោះសារបែបរិះគន់តាមបណ្ដាញ Twitter ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នៅឯវិមានប្រធានាធិបតី Elysee Palace នៅថ្ងៃសៅរ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខអឺរ៉ុបនិងមជ្ឈិមបូព៌ា។
មេដឹកនាំអាមេរិក បានធ្វើដំណើរទីកាន់ទ្វីបអឺរ៉ុបជាមួយស្ត្រីទី១ ដែលជាភរិយារបស់លោកគឺលោកស្រី Melania Trump ដើម្បីចូលរួមក្នុងពិធីរំលឹកខួបទី១០០នៃកិច្ចព្រមព្រៀងឈប់ប្រយុទ្ធគ្នានៅថ្ងៃអាទិត្យស្អែកនេះ។ កិច្ចព្រមព្រៀងនេះ បានបញ្ចប់សង្គ្រាមលោកលើកទី១ ដែលបានសម្លាប់មនុស្សអស់៤០លាននាក់។ ពិធីរំលឹកខួបនេះ នឹងត្រូវធ្វើនៅឯសាល the Arc de Triomphe ដែលជាវិមានដ៏ល្បីល្បាញបំផុតមួយក្នុងទីក្រុងប៉ារីស ដោយមានដឹកនាំពិភពលោករាប់សិបនាក់ នឹងចូលរួម។
ភាពចម្រូងចម្រាស ហាក់ដូចជាតាមមេដឹកនាំអាមេរិកជាប់ ហើយភាពចម្រូងចម្រាសថ្មីមួយ បានផ្ទុះឡើង នៅពេលដែលយន្តហោះពិសេសAir Force One ដែលដឹកលោកប្រធានាធិបតី បានទៅដល់អាកាសយានដ្ឋាន Orly កាលពីថ្ងៃសុក្រ។
លោកត្រាំ បានបង្ហោះសារមួយ សម្រាប់ម្ចាស់ផ្ទះដែលទទួលរូបលោក ដោយបានហៅការអំពាវនាវរបស់លោកMacron ដែលស្នើឱ្យមានការចូលរួមវិភាគទានស្មើគ្នាចំពោះយោធាអឺរ៉ុបនោះ ថាមានលក្ខណៈ«មើលងាយយ៉ាងខ្លាំង»។
នៅក្នុងសារតាមបណ្តាញ Twitter ដែលលោកត្រាំ បានបង្ហោះពេលយន្តហោះរបស់លោកចុះចតនោះ លោកប្រធានាធិបតីអាមេរិករូបនេះ បានស្នើថា អឺរ៉ុបគួរ «បង់វិភាគទានស្មើគ្នា»ចំពោះកងកម្លាំងNATO ជាមុនសិន មុននឹងផ្ដោតទៅលើកងកម្លាំងអឺរ៉ុបទាំងមូល៕