លោក Trump ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​មុន​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ

លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​មហាសន្និបាត​លើក​ទី៧២​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង New York ដើម្បី​ជួប​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe នៅ​មុន​កិច្ច​ប្រជុំ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ចូល​មក​ដល់។

លោក Trump បាន​សរសេរ​នៅ​លើ Twitter មុន​ពេល​ឧទ្ធម្ភាគចក្រ​របស់​លោក​ចុះ​ចត​ក្នុង​ទីក្រុង New York យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ទៅ​ទីក្រុង New York ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe អំពី​បញ្ហា​យោធា និង​ពាណិជ្ជកម្ម។ សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ច្រើន​ណាស់​ដើម្បី​ជួយ​ប្រទេស​ជប៉ុន។ ខ្ញុំ​ចង់​ឃើញ​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​នេះ​បន្ថែម​ទៀត។ ទំនាក់ទំនង​នេះ​នឹង​ដំណើរការ​ល្អ!»។

បន្ទាប់ពី​បាន​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​នឹង​លោក Trump លោក Abe បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​អំពី​បញ្ហា​កូរ៉េ​ខាង​ជើង និង​ការណ៍​ដែល​កូរ៉េ​ខាង​ជើង​ចាប់​ពង្រត់​ជនជាតិ​ជប៉ុន ក៏​ដូចជា​បញ្ហា​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ជប៉ុន និង​បញ្ហា​ពាណិជ្ជកម្ម​អន្តរជាតិ​ផង​ដែរ «នៅ​ក្នុង​បរិយាកាស​ដ៏​កក់ក្ដៅ​ដូច​ធម្មតា»។

លោក Abe បាន​បន្ត​ទៀត​ថា៖ «ទាក់ទិន​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង យើង​បាន​ឯកភាព​គ្នា​ជំរុញ​បន្ថែម​ទៀត​នូវ​កម្លាំង​វិវឌ្ឍ​ទៅ​មុខ​ដែល​បាន​បង្កើត​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​ជា​ប្រវត្តិសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ និង​សហការ​ឲ្យ​បាន​ជិតស្និទ្ធ និង​រឹងមាំ​លើ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ»។

បញ្ហា​កូរ៉េ​ខាង​ជើង និង​បញ្ហា​អ៊ីរ៉ង់​ទំនងជា​បញ្ហា​គ្រប់​ដណ្ដប់​ខ្លាំង​នៅ​ឯ​កិច្ច​ប្រជុំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នេះ។

នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ លោក Trump នឹង​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​លើក​ដំបូង​បង្អស់​ដើម្បី​ពិភាក្សា​អំពី​ការ​ទប់ស្កាត់​ការ​រីក​សាយភាយ​អាវុធ​ប្រល័យ​លោក ដែល​នឹង​ផ្ដោត​ខ្លាំង​លើ​ប្រទេស​អ៊ីរ៉ង់៕