ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងទាមទារឲ្យរដ្ឋ Pennsylvania បើកដំណើរការជាធម្មតាឡើងវិញ នៅចំពេលដែលរដ្ឋនេះ កំពុងមានការកើនឡើងនូវករណីឆ្លងជំងឺកូវីដ១៩។
«តើអ្វីកំពុងកើតឡើងនៅក្នុងរដ្ឋ Pennsylvania?» នេះជាសំណួរដែលលោក Trump បានសួរទៅកាន់ក្រុមអ្នកគាំទ្រ កាលពីល្ងាចថ្ងៃអង្គារនៅក្នុងយុទ្ធនាការជួបជុំអ្នកគាំទ្រនៅអាកាសយានដ្ឋានអន្តរជាតិ Erie នៅភាគខាងលិចនៃរដ្ឋដ៏សំខាន់មួយនេះសម្រាប់ការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ដោយបង្ហាញការខកចិត្តចំពោះការរឹតត្បិតសកម្មភាពសង្គមដោយសារជំងឺកូវីដ១៩ ដែលដាក់កំហិតដោយអភិបាលរដ្ឋ Pennsylvania លោក Tom Wolfe ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ លោកប្រធានាធិបតី Trump បាននិយាយថា៖ «រដ្ឋ Pennsylvania ស្ថិតក្រោមបម្រាមរឹតត្បិតសកម្មភាពសង្គមយូរគ្រប់គ្រាន់ហើយ។ ចូរធ្វើយ៉ាងណាឲ្យអភិបាលរដ្ឋរបស់អ្នកបើករដ្ឋ Pennsylvania ឡើងវិញ»។
លោក Wolf បានចេញសេចក្ដីអំពាវនាវជាថ្មីម្ដងទៀត កាលពីថ្ងៃច័ន្ទទៅកាន់ពលរដ្ឋក្នុងរដ្ឋ Pennsylvania ឲ្យសហការគ្នាដើម្បីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
គ្រប់ផ្នែកនៃរដ្ឋនេះ មានការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដែលមួយផ្នែកបណ្ដាលមកពី «ការជួបជុំមិត្តភក្តិ និងគ្រួសារទ្រង់ទ្រាយតូច»។ នេះបើតាមការបញ្ជាក់របស់អ្នកស្រីវេជ្ជបណ្ឌិត Rachel Levine ដែលជាមន្ត្រីសុខាភិបាលកំពូលប្រចាំរដ្ឋ Pennsylvania។
សម្រាប់បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យលោក Joe Biden វិញ កាលពីថ្ងៃអង្គារម្សិលមិញ លោកមិនបានធ្វើយុទ្ធនាការសាធារណៈណាមួយទេ ដោយបានស្ថិតនៅក្នុងទីក្រុង Wilmington រដ្ឋ Delaware ដែលគេបាននិយាយថា លោកកំពុងត្រៀមសម្រាប់ការជជែកដេញដោលលើកចុងក្រោយជាមួយនឹងលោក Trump នៅថ្ងៃព្រហស្បតិ៍ស្អែក នៅទីក្រុង Nashville រដ្ឋ Tennessee៕