លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានទៅទស្សនកិច្ចក្នុងថ្ងៃបុណ្យថ្លែងអំណរគុណដោយមិនបានប្រកាសឱ្យដឹងជាមុននៅមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកក្នុងប្រទេសអាហ្វហ្កានីស្ថាន។
លោបានប្រកាសឱ្យដឹងថា រដ្ឋបាលរបស់លោកបានចាប់ផ្តើមការចរចាសន្តិភាពជាមួយនឹងក្រុមតាលីបាននិងក្រុមបះបោរដទៃទៀតដែលមានចេតនាគោរពតាមបទឈប់បាញ់គ្នា។
ដំណឹងនេះបានលេចឮតែក្នុងរយៈពេលមិនដល់បីខែក្រោយពីលោកប្រធានាធិបតី ត្រាំ បានបញ្ឈប់ភ្លាមៗនូវការចរចាអស់រយៈពេលមួយឆ្នាំរវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបាន ក្នុងពេលដែលគូទំនាស់ទំាងពីរជិតចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមរយៈពេល១៨ឆ្នាំក្នុងប្រទេសអាហ្វហ្កានីស្ថាន។
លោកប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «ក្រុមតាលីបានចង់សម្រេចបានកិច្ចព្រមព្រៀង។ យើងនឹងមើលឱ្យប្រាកដថា តើពួកគេពិតជាចង់បានកិច្ចព្រមព្រៀងគ្នាមែនឬទេ។ វាត្រូវតែជាកិច្ចព្រមព្រៀងពិតប្រាកដ ប៉ុន្តែយើងនឹងពិនិត្យមើលថា ពួកគេពិតជាចង់បានកិច្ចព្រមព្រៀងគ្នាពិតប្រាកដទេ... ហើយពួកគេចង់ចរចាព្រមព្រៀងគ្នាដោយសារតែពួកអស់លោកធ្វើការងារបានល្អខ្លាំងណាស់។ នេះគឺជាហេតុផលដែលពួកគេចង់ចរចាស្វែងរកកិច្ចព្រមព្រៀង»។
លោក ត្រាំ បានថ្លែងក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនឹងប្រធានាធិបតីអាហ្វហ្កានីស្ថាន Ashraf Ghani ថាកិច្ចព្រមព្រៀងគ្នាជាមួយនឹងក្រុមតាលីបានគឺត្រូវតែជាបទឈប់បាញ់គ្នា។
ក្រុមតាលីបាននៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។ ក្រុមនេះបានប្រកែកជាបន្តបន្ទាប់មិនព្រមទទួលយកបទឈប់បាញ់គ្នារហូតទាល់តែសម្រេចបានកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកដើម្បីដកកងកម្លាំងបរទេសចេញ។
សង្គ្រាមបានចាប់ផ្តើមនៅពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានចូលឈ្លានពានប្រទេសអាហ្វហ្កានីស្ថានកាលពី១៨ឆ្នាំមុនដើម្បីផ្តួលរំលំក្រុមតាលីបានពីអំណាចដោយសារតែបានផ្តល់ទីជម្រកដល់ក្រុមមេដឹកនាំអាល់កៃដា ដែលសហរដ្ឋអាមេរិកចោទថា បានវាយប្រហារភេរវកម្មមកលើសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១។
ជម្លោះនេះបានបណ្តាលឱ្យទាហានអាមេរិកាំងស្លាប់បាត់បង់ជីវិតចំនួនជាង២៤០០នាក់ ហើយសហរដ្ឋអាមេរិកបានចំណាយថវិកាជិត១លានលានដុល្លារ៕