អ្នកធ្វើការចរចាជាន់ខ្ពស់មកពីស.រ.អា.និងប្រទេសចិនអង្គុយជាមួយគ្នាកាលពីថ្ងៃព្រហស្បតិ៍ដើម្បីធ្វើការចរចាពាណិជ្ជកម្មមួយជុំទៀតនៅក្នុងបរិយាកាសមិនប្រាកដប្រជាអំពីលទ្ធផលនៃការចរចាគ្នានេះទេ។
កាលពីសប្តាហ៍មុន វោហាសាស្ត្រនិងសកម្មភាពមកពីភាគីទាំងពីរហាក់ដូចជាធ្វើឱ្យឱកាសនៃការជឿនលឿនច្រើនក្រាស់ក្រែលក្នុងការដោះស្រាយបញ្ហាសង្គ្រាមពាណិជ្ជកម្មនេះមានតិចតួច។
ក៏ប៉ុន្តែកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅក្រោយសម្តែងភាពមានយោបល់ផ្ទុយគ្នាអំពីលទ្ធផលចុងក្រោយនៃកិច្ចចរចាគ្នានេះ លោកប្រធានាធិបតី Donald Trump បានធ្វើសេចក្តីប្រកាសមួយនាំឱ្យមានការភ្ញាក់ផ្អើលតាម Twitter ថាលោកនិងឧបនាយករដ្ឋមន្ត្រីចិន Liu He នឹងជួបគ្នានៅឯសេតវិមាននៅថ្ងៃសុក្រនេះ។
Tweet នេះដែលបានត្រូវផ្សព្វផ្សាយប្រមាណ២០នាទីនៅក្រោយផ្សារហិរញ្ញវត្ថុបានបើកទ្វារចែងថា«នេះជាថ្ងៃល្អប្រសើរនៃកិច្ចចរចាជាមួយប្រទេសចិន។ គេចង់ឱ្យមានកិច្ចព្រមព្រៀងមួយ ក៏ប៉ុន្តែខ្ញុំចង់ដូច្នេះដែរឬទេ? ខ្ញុំជួបជាមួយឧបនាយករដ្ឋមន្ត្រីចិននៅថ្ងៃសុក្រក្នុងសេតវិមាន»។
លទ្ធភាពនៃការមានជំនួបនេះបានធ្វើឱ្យភាគហ៊ុននៅក្នុងផ្សារលក់ដូរភាគហ៊ុនទើងថ្លៃពីព្រោះគេអាចបកស្រាយបានថាជាសញ្ញាមួយបង្ហាញថាជិតមានកិច្ចព្រមព្រៀងគ្នាមួយឆាប់ជាងការណ៍ដែលគេរំពឹងទុកពីមុន។